(ហូជីមីញ)៖ នៅព្រឹកថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍ថា កម្មករចំនួន១១៧នាក់ ដែលធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែង ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម ជាប់ព្រំដែនខេត្តកំពតរបស់ប្រទេសកម្ពុជា ត្រូវបានគេរកឃើញថា បានឆ្លងវីរុសគ្រុនផ្តាសាយ H1N1។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មាន Saigon Liberation បានឲ្យដឹងថា ក្នុងចំណោមកម្មករទាំង១១៧នាក់ ដែលបានឆ្លងវីរុសគ្រុនផ្តាសាយ H1N1 នោះ ៣៤នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ វិទ្យាស្ថានសិក្សាពីរោគរាតត្បាតក្រុងហូជីមិញ បានបញ្ជាក់ថា ការធ្វើតេស្តឈាមរបស់ពួកគេ បានបង្ហាញថា ពួកគេពិតជាបានឆ្លងវីរុសគ្រុនផ្តាសាយ H1N1 ពិតប្រាកដមែន។
រោងចក្រកាត់ដេរខាងលើ ដែលមានកម្មករជិត ១,០០០នាក់ ត្រូវបានព្រមានឲ្យចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ ដូចជាជម្រុញឲ្យបុគ្គលិកទាំងអស់ពាក់ម៉ាស់ការពារ និងចេញប្រតិបត្តិការកម្ចាត់មេរោគ នៅតាមបន្ទប់អាគារ កន្លែងញុំាអាហារ និងតាមបន្ទប់ទឹកជាដើម ដើម្បីការពារកុំឲ្យមានការរីករាលដាល កាន់តែខ្លាំងឡើងនៃវីរុសគ្រុនផ្តាសាយនេះ។
គួរបញ្ជាក់ថា វីរុសគ្រុនផ្តាសាយ H1N1 នេះមានច្រើនអំបូរដោយខ្លះឆ្លងពីមនុស្សទៅមនុស្ស ខ្លះឆ្លងពីសត្វ ទៅសត្វ ដូចជាគ្រុនផ្តាសាយជ្រូកនិងបក្សីជាដើម។ កាលពីខែមិថុនាឆ្នាំ២០០៩ អង្គការសុខភាព ពិភពលោក WHO បានប្រកាស ពីអំបូរគ្រុនផ្តាសាយថ្មី ដែលមានប្រភពមកពីសត្វជ្រូក និងអាចឆ្លងទៅមនុស្សបាន ថាជាជំងឺឆ្លងរាតត្បាតដែលបានរីករាលដាលនៅទូទាំងពិភពលោក ហើយបានសម្លាប់ជីវិតមនុស្សប្រមាណ ១៧,០០០នាក់ គិតត្រឹមដើមឆ្នាំ២០១០៕