(ភ្នំពេញ)៖ សប្តាហ៍នេះ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១៨ តាមរយៈផ្លូវរថភ្លើងដោយផ្តោតលើប្រធានបទ «ផ្លូវដែកខ្មែរក្រហម៖ ដំណើរទស្សនកិច្ចសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ ការជម្លៀសប្រជាជនដោយបង្ខំ ដំណាក់កាលទី២ និងទី៣ ក្នុងរបបខ្មែរក្រហម»។
ដំណើរទស្សនកិច្ចសិក្សានេះ គឺមានការចូលរួមពីយុវជន គ្រូបង្រៀនប្រវត្តិសាស្រ្តកម្ពុជា, សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់វៀតណាម មកពីសាកលវិទ្យាល័យជាតិវៀតណាម ដើម្បចុះធ្វើការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្រ្តខ្មែរក្រហម និងរឿងរ៉ាវរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានចូលរួមប្រយុទ្ធក្នុងសង្រ្គាមផ្តួលរំលំរបបខ្មែរក្រហម។
ចាប់ពីចុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជនដោយបង្ខំក្នុងដំណាក់កាលទី២ និងទី៣ ចេញពីភូមិភាគបូព៌ាតាមផ្លូវរថភ្លើងសំដៅទៅកាន់ភូមិភាគពាយ័ព្យ (បច្ចុប្បន្នគឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន)។ យោងតាមឯកសាររបស់របបខ្មែរក្រហមដែលរក្សាទុកនៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រជាជនចន្លោះពី ៤០០,០០០នាក់ ទៅ ៥០០,០០០នាក់ ត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ។ ក្នុងនោះមានប្រជាជនប្រមាណ ៥០,០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិភាគបូព៌ា រួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទៅកាន់ភូមិភាគពាយ័ព្យ។កម្មាភិបាលខ្មែរក្រហមម្នាក់ដែលធ្វើការនៅស្ថានីយរថភ្លើងក្នុងរបបខ្មែរក្រហម បានឃើញមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសតាមខ្សែរថភ្លើងពីទីក្រុងភ្នំពេញ ទៅកាន់ស្ថានីយរថភ្លើងផ្សេងៗទៀតក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង នៃភូមិភាគពាយ័ព្យ។
ដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើងនេះ គឺបើកទូលាយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន, គ្រូបង្រៀនប្រវត្ថិសាស្រ្តកម្ពុជាជាមួយនឹងអ្នកស្រាវជ្រាវជាន់ខ្ពស់ និងគ្រូបង្រៀនផ្នែកប្រវត្តិសាស្រ្តវៀតណាម ដើម្បីឈ្វេងយល់ពីគ្នាទៅវិញទៅមក។ យុវជនគ្រូបង្រៀនកម្ពុជា, អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់វៀតណាម និងសាស្រ្តាចារ្យប្រវត្តិសាស្រ្តវៀតណាម នឹងមានឱកាសសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅទីតាំងឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្រោមរបបខ្មែរក្រហម នៅស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកស្រាវជ្រាវជាន់ខ្ពស់វៀតណាមនឹងធ្វើដំណើរតាមរថយន្តក្រុង ដើម្បីទៅទស្សនាស្តូបតម្កល់ធាតុជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលដឹងអំពីព័ត៌មានពាក់ព័ន្ធនឹងទីតាំងទាំងនោះ ព្រមទាំងទៅទស្សនាទីតាំងប្រវត្តិសាស្ត្រផ្សេងទៀត រួមមាន ទីតាំងប្រវត្តិសាស្ត្រយោធាតេជោភ្នំមាន់ (A4) និងទីតាំងប្រវត្តិសាស្ត្រយោធាតេជោ ស្ពានជ័យជម្នះ ដែលជាអតីតទីស្នាក់ការកណ្តាល និងជាសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញរវាងកងកម្លាំងសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជាសម្ព័ន្ធមិត្តជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ព ខ្មែរ ក្រហម។ នៅទីនោះ សាស្រ្តាចារ្យប្រវត្តិសាស្រ្តវៀតណាម និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់វៀតណាម នឹងជួបសម្ភាសន៍ជាមួយអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមពីរនាក់ ដែលបច្ចុប្បន្នរស់នៅស្រុកវាលវែង ដើម្បីឈ្វេងយល់អំពីរឿងរ៉ាវជីវិតក្នុងសមរភូមិរបស់គាត់។
ចាប់ពីដើមឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចសិក្សាតាមរយៈផ្លូវរថភ្លើង យ៉ាងហោចណាស់១៧ដងរួចមកហើយ ផ្តោតលើប្រធានបទ «ការជម្លៀសប្រជាជនដោយបង្ខំក្នុងដំណាក់កាលលើកទី២ និងទី៣ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)»ដោយមានការចូលរួមពីយុវជនសរុបចំនួន ១,០៦៦នាក់។ ប៉ុន្តែនេះ គឺជា លើក ទី មួយ ហើយ ដែល សាស្រ្តាចារ្យ និងអ្នក សិក្សាស្រាវជ្រាវជាន់ខ្ពស់ជនជាតិបរទេស ត្រូវ បាន អញ្ជើញឱ្យចូលរួមសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្តខ្មែរក្រហម តាមរយៈផ្លូវរថភ្លើង។ ទីក្រុងហាណូយ គឺជាចំណុចចាប់ផ្តើមនៃដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនេះ ហើយមជ្ឈ មណ្ឌល ឯកសារកម្ពុជាចង់ឃើញវត្ដមានចូលរួមពីសំណាក់អ្នកសិក្សាស្រាវ ជ្រាវជាន់ខ្ពស់ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងអ្នកអប់រំផ្សេងទៀតមកពីក្នុងតំបន់ ចូលរួមដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីសរសេរបោះពុម្ពផ្សាយឱ្យមនុស្សគ្រប់ជាតិសាសន៍អាចសិក្សារៀនសូត្រ និងចូលរួមផ្សព្វផ្សាយប្រវត្តិ សាស្រ្តនៃរបបខ្មែរក្រហម ដើម្បីធានាថា រឿងរ៉ាវរបស់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហ មមិនត្រូវបានបំភ្លេចចោល។ មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើការផ្តោត លើ រឿងរ៉ាវ ផ្ទាល់ ខ្លួន របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រោះ វា មាន ទំនាក់ទំនង យ៉ាងជិតស្និទ្ធ ទៅ នឹងផ្នត់គំនិត និង ការ ផ្សះផ្សា ពី អំពើ ប្រល័យពូជសាសន៍»។
បណ្ឌិត ហុ័ង ធីង៉ា គឺសាស្រ្តាចារ្យប្រវត្តិសាស្រ្ត មកពីមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យជាតិវៀតណាមបានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្ដល់ឱកាសឱ្យគាត់បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវតាមរថភ្លើងនេះ។ លោក ស្រី បណ្ឌិតបាន បន្ថែម ថា ដំណើរ ទស្សនកិច្ចសិក្សា នេះ នឹង ជំរុញ កិច្ច សហប្រតិបត្តិការ ផ្នែក សិក្សាលើប្រវត្តិសាស្រ្តខ្មែរក្រហម បន្ថែម ទៀត រវាង កម្ពុជា និង វៀតណាម ទៅ ថ្ងៃ អនាគត។
តាមការប៉ាន់ប្រមាណ គឺមានកងទ័ពស្ម័គ្រចិត្តវៀតណាមប្រមាណ១៥០,០០០នាក់ បានចូលមកប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៨ ដើម្បីរួមជាមួយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ប្រយុទ្ធប្រឆាំងនឹងកងទ័ពខ្មែរក្រហម។ ភាគីវៀតណាមជឿជាក់ថា កងទ័ពស្ម័គ្រចិត្តរបស់ខ្លួនយ៉ាងតិច២០,០០០នាក់ បានបាត់បង់ជីវិតក្នុងសង្គ្រាមនៅកម្ពុជា នៅពេលដែលវាយផ្តួលរំលំកងទ័ពខ្មែរក្រហម និងរបបកម្ពុជាប្រជាធិបតេយ្យ របស់ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕