(ហ្សាការតា)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំមូលធនមនុស្សជាសកលឆ្នាំ២០២៤ របស់សមាគមវិជ្ជាជីវៈឥណ្ឌូណេស៊ីសកល។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីប្រើប្រាស់សម្រាប់សក្តានុពលរបស់តំបន់ ជំរុញការតភ្ជាប់ និងលើកកម្ពស់ភាពធន់។ ព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមដោយផ្ទាល់ និងតាមអនឡាញ ពីសំណាក់មេដឹកនាំធុរកិច្ច តំណាងជាន់ខ្ពស់របស់រដ្ឋាភិបាល តួអង្គសង្គមស៊ីវិល និងមន្ត្រីវិជ្ជាជីវៈវ័យក្មេងលំដាប់កំពូលៗ មកពីអាស៊ាន និងប្រទេស G20។
នៅរសៀលថ្ងៃអង្គារដដែល លោក Armin Limo ឯកអគ្គរដ្ឋទូតទើបតែងតាំងនៃប្រទេសបូស្នី និងហឺសេហ្គោវីណា (Bosnia and Herzegovina) ប្រចាំអាស៊ាន បានជូនសារតាំងដល់លិកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានស្វាគមន៍ និងអបអរសាទរឯកអគ្គរដ្ឋទូត សម្រាប់ការចាប់ផ្តើមតួនាទីរបស់គាត់។
លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតបូស្នី និងហឺសេហ្គោវីណា ប្រចាំទីក្រុងហ្សាការតា។
ឯកអគ្គរដ្ឋទូត បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសបូស្នី និងហឺសេហ្គោវីណា ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ដោយផ្អែកលើការតែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអាស៊ាន តាំងពីឆ្នាំ២០២០ ព្រមទាំងការតំណាងផ្នែកការទូតរបស់ខ្លួននៅក្នុងតំបន់។
អគ្គលេខាធិការអាស៊ាន បានយកឱកាសដើម្បីលើកទឹកចិត្តឱ្យលោក Limo ចូលរួមជាមួយសហគមន៍ការទូតនៅទីក្រុងហ្សាការតា ជាពិសេស ជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសសមាជិកអាស៊ានប្រចាំអាស៊ាន។
ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការចូលរួមរបស់វិស័យឯកជន ក៏ដូចជា ពង្រឹងទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា អាស៊ានទន្ទឹងសហការ ជាមួយប្រទេសបូស្នី និងហឺសេហ្គោវីណា ក្នុងវិស័យមានប្រយោជន៍ទៅវិញទៅមក ដែលប្រទេសនេះ មានជំនាញ និងភាពខ្លាំង។
ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា សម្រាប់ប្រទេសបូស្នី និងហឺសេហ្គោវីណា វាជាកិត្តិយសដ៏ធំធេង និងក្តីសោមនស្ស ដែលបានជូនសារតាំងដល់អគ្គលេខាធិការអាស៊ាន។ ប្រទេសបូស្នី និងហឺសេហ្គោវីណា ប្តេជ្ញាជំរុញទំនាក់ទំនងជាមួយអាស៊ាន និងតំបន់។ លោកទន្ទឹងធ្វើការពង្រឹងការចូលរួមជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិកអាស៊ាន នៅពេលខាងមុខ។
សូមជម្រាបជូនថា លោក Limo គឺជាឯកអគ្គរដ្ឋទូតទី២ នៃប្រទេសបូស្នី និងហឺសេហ្គោវីណា ប្រចាំអាស៊ាន ជំនួសលោក Mehmed Halilović ដែលបានបញ្ចប់អាណត្តិកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Lilla Karsay ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាដោយត្រង់ទៅត្រង់មកអំពីការធ្វើជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបរបស់ប្រទេសហុងគ្រី ព្រមទាំងបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ហុងគ្រី ក៏ដូចជា ជំរុញទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបផងដែរ។
នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Delia Domingo Albert អតីតរដ្ឋមន្ត្រីកាបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះការចូលរួមចំណែករបស់លោកជំទាវ ក្នុងការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ជាពិសេស ពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ស្តីពីកិច្ចការទាំងនេះ ដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលកំពុងត្រូវបានតាក់តែង៕