(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជន សូមមេត្តាផ្ទៀងផ្ទាត់ ពិចារណាលើព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ លើទិដ្ឋភាពច្បាប់ សង្គម និងទិដ្ឋភាពប្រវត្តិសាស្ត្រដែលកម្ពុជាបានឆ្លងកាត់ ដើម្បីកុំឱ្យក្លាយខ្លួនជាខែលរបស់អ្នកនយោបាយ រហូតបំផ្លាញសង្គមជាតិទាំងមូល។
ជាមួយគ្នានេះដែរ លោកបណ្ឌិត បានទាញត្រឡប់ឱ្យប្រជាពលរដ្ឋ និងយុវជន ក្រឡេកទៅមើលកាលពីឆ្នាំ២០១៣ គ្រានោះគឺជាគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គមកម្ពុជា ប្រសិនបើគណបក្សកាន់អំណាចមិនចេញអន្តរាគមន៍ទាន់ពេលវេលានោះទេ ប្រហែលបច្ចុប្បន្ននេះកម្ពុជា ស្ថិតនៅក្នុងសង្គ្រាមស៉ីវិលក៏ថាបានដែរ កុំមើលស្រាលឱ្យសោះ។
លោកបណ្ឌិត យង់ ពៅ បានថ្លែងថា កាលណាដែលប្រជាពលរដ្ឋ និងយុវជនមិនព្រមស្តាប់ការបកស្រាយ ពន្យល់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញ ដូច្នេះ ការមិនស្តាប់ មិនទទួលយក គឺជាកំហុសមួយក្នុងផ្នែកគិត ពិចារណា មិនបានគ្រប់ជ្រុងជ្រោយ ហើយការជឿតែការបញ្ឆេះញុះញង់មួយជ្រុងរបស់អ្នកនយោបាយលាក់បាំងរបៀបវារៈនយោបាយនៅខាងក្រោយ។
ក្នុងឱកាសផ្តល់សម្ភាសដល់បណ្តាញព័ត៌មាន Fresh News ពីស្ថានភាពសង្គមកម្ពុជា បន្ទាប់ពីមេក្រុមប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលមានមូលដ្ឋាននៅក្រៅប្រទេស យករឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដែលបានអនុវត្តន៍ជាង២៥ឆ្នាំមកហើយនោះ មកធ្វើជារបៀបវារៈនយោបាយ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល រហូតមានយុវជនមួយចំនួនត្រូវបានចាប់ខ្លួន លោកបណ្ឌិត យង់ ពៅ បានរំលឹកយ៉ាងដូច្នេះថា៖ «យើងត្រឡប់ទៅមើលឆ្នាំ២០១៣ គឺជាគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គម ប្រសិនបើពេលនោះគណបក្សកាន់អំណាចមិនចេញអន្តរាគមន៍ទាន់ពេលវេលានោះទេ ប្រហែលបច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុងសង្គ្រាមស៉ីវិលក៏ថាបានដែរ កុំមើលស្រាលឱ្យសោះ»។
ក្រុមប្រឆាំងតែងតែនិយាយថា ប្រជាពលរដ្ឋអត់មានអាវុធទេ ហេតុអីបានអាជ្ញាធរទៅបង្ក្រាប, ត្រូវចំណុចនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ លើកឡើងថា ប្រទេសកម្ពុជា មិនមែនជាប្រទេសផលិតសព្វាវុធទេ ប៉ុន្តែ នៅពេលមានសង្គ្រាម គឺអាវុធនឹងកើតមានពីព្រោះនឹងការផ្តល់អាវុធឱ្យក្រុមប្រឆាំងតាមរយៈរូបភាពណាមួយ ដើម្បីរុញច្រានឱ្យធ្វើសង្គ្រាមស៉ីវិល ហើយភាគីម្ខាងទៀតអង្គុយយកផលប្រយោជន៍។ ចំពោះករណីនេះកម្ពុជា បានឆ្លងកាត់រួចមកហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ដូច្នេះ សូមកុំឱ្យកម្ពុជា ធ្លាក់ចុះក្នុងដានប្រវត្តិសាស្ត្រដ៏ជូរចត់នេះដូចអតីតកាលឱ្យសោះ។
«សូមបងប្អូន ប្រជាពលរដ្ឋពិចារណាឱ្យមែនទែន សូមកុំអូសប្រទេស សង្គមយើងចូលក្នុងភ្លើងសង្គ្រាមទៀត រឿងអ្នកនយោបាយគឺដើម្បីការពារ និងភាគលាភនយោបាយហ៊ានធ្វើសង្គ្រាមជាមួយគ្នា។ អ៊ឹចឹងបងប្អូនគ្រាន់តែខែលនយោបាយរបស់គេទេ គេអង្គុយក្នុង Office គេនៅក្រៅប្រទេស ដែលមានសុវត្ថិភាពតែងបងប្អូនចេញមកកណ្តាលផ្លូវរងគ្រាប់ជំនួសគេ ទិដ្ឋភាពសង្គ្រាមនៅកម្ពុជាមាន ខ្ញុំនិយាយនេះ មិនមែននិយាយបំភ័យនោះទេ គ្រាន់តែបង្ហាញសច្ចៈភាពប្រវត្តិសាស្ត្រ និងសង្គមនយោបាយឱ្យបងប្អូនយល់ កុំងាយនឹងជឿ»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានបន្តថា មុននឹងជឿ ព្រួយបារម្ភរឿងទឹកដី បញ្ហាជាតិ គឺរឿងប្រជាជាតិទាំងអស់ អ្នកណាក៏ត្រូវបានព្រួយបារម្ភដែរ ប៉ុន្តែ ការព្រួយបារម្ភត្រូវផ្ទៀងផ្ទាត់ព័ត៌មាន សូមកុំស្អប់ម្ខាង រើសអើងម្ខាង ស្តាប់ម្ខាង អត់ស្តាប់ម្ខាង ប្រសិនបើស្តាប់តែម្ខាងបងប្អូននឹងពិចារណាខុសហើយ ដូច្នេះ សូមស្តាប់ឱ្យគ្រប់ទិដ្ឋភាព ខណៈបច្ចុប្បន្ននេះ ការទទួលបានព័ត៌មានមានភាពងាយស្រួលខ្លាំងណាស់។
លោកបណ្ឌិត យង់ ពៅ បានក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវចេះតាមដានព័ត៌មាន ប្រភពព័ត៌មាន ខណៈថ្មីៗនេះមានឯកសារមួយចំនួនផ្សាយចេញពីប្រទេសជិតខាង ហើយតាមរយៈការផ្សាយនេះធ្វើឱ្យប្រជាពលរដ្ឋដមួយចំនួនដែលខ្វះការស្វែងយល់ ចេះកំហឹងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ត្រង់ចំណុចនេះ សូមប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់ កុំឱ្យឆេះកំហឹងដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មាន ហើយនាំសង្គមធ្លាក់ក្នុងគ្រោះថ្នាក់ បន្ទួចបង្អាក់ក្នុងការអភិវឌ្ឍ បង្កការគ្រោះថ្នាក់ដល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូលជាដើម។
«សូមពិចារណា សូមផ្ទៀងផ្ទាត់ព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ សូមពិនិត្យទៅលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម ទិដ្ឋភាពប្រវត្តិសាស្ត្រកម្ពុជា ឆ្លងកាត់ និងទិដ្ឋភាពនយោបាយអន្តរជាតិ បច្ចុប្បន្នដែលកើតមានឡើង ដែលជាមេរៀនយើងអាចយកមកពិចារណាបាន»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត យង់ ពៅ៕