(ភ្នំពេញ)៖ បើសិនជាមនុស្សធម្មតាម្នាក់ បាននិយាយកុហកទៅកាន់បុគ្គលដទៃ ទោះបីជាមិត្តសម្លាញ់ជិតស្និទ្ធរបស់គេក៏ដោយ មនុស្សដែលនិយាយភូតភរនោះ នឹងត្រូវគេនិន្ទាជាមនុស្សបាត់បង់តម្លៃ និងលែងជឿជាក់។ ប៉ុន្តែចុះទម្រាំបុគ្គលដែលកុហកនោះ ធ្លាប់ជាតំណាងរាស្ត្រស្បថនៅមុខព្រះបរមស្វេតច្ឆ័ត្រក្នុងព្រះបរមរាជវាំង ឬនៅមុខវត្ថុសក្តិសិទ្ធិនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ទៀតនោះ តើបុគ្គលនោះ នឹងបាត់បង់តម្លៃរបស់គេប៉ុណ្ណាទៀតទៅ?
ភាពប្រទាំងប្រទើសថ្មីៗនេះ ដែលប៉ុនប៉ងចង់បង្កឱ្យមានភាពចលាចល អំពើញុះញង់រើងអើង ជាតិសាសន៍ ដើម្បីឈានដល់ការ បះបោរផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតនោះ បានផ្តើមចេញមកពីការផ្សព្វផ្សាយព័ត៌មានមិនពិត របស់ក្រុមធ្វើនយោបាយប្រឆាំង ដែលនិយាយប្រឌិតថា គំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលមានខេត្តខ្មែរចំនួនបួន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី គឺជាគម្រោងដែលរាជរដ្ឋាភិបាលកាត់ខេត្តខ្មែរទាំងបួននោះ ទៅឱ្យវៀតណាមដើម្បីជាថ្នូរនៃការកាន់កាប់អំណាច។
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍តំបន់ត្រីកោណក្នុងខេត្តបួននាភាគឦសានប្រទេស មិនមែនទើបតែមានក្នុងពេលនេះទេ។ ចក្ខុវិស័យនេះ បានកើតឡើងក្នុងឆ្នាំ១៩៩៩ និងត្រូវបានអនុវត្តជាបន្តបន្ទាប់ ដោយឆ្លងកាត់ការត្រួតពិនិត្យដោយគណៈកម្មការជំនាញរដ្ឋសភា ដែលក្នុងក្រុមគណៈកម្មការនោះ ក៏រួមមានក្រុមធ្វើនយោបាយប្រឆាំងក្នុងពេលនោះផងដែរ។
ប៉ុន្តែដើម្បីឱ្យព័ត៌មានប្រឌិតអំពីការបាត់បង់ទឹកដីខ្មែរទៅឱ្យប្រទេសវៀតណាមនេះ កាន់តែមានភាពជឿជាក់ដល់សកម្មជនគាំទ្ររបស់ខ្លួន ទាំងក្នុងនិងក្រៅស្រុកទៀតនោះ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង បានក្បត់នឹងមនសិការបស់ខ្លួន ដោយការជួយនិយាយកុហក បិទបាំងមហិច្ឆតានយោបាយ ជាពិសេសការចង់ផ្តួលរំលំការដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានេះតែម្តង។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំងដែលពេលនោះស្ថិតក្នុងអាណ្ណត្តិរដ្ឋសភាទី៤ និងក្នុងអាណ្ណត្តិទី៥ ដឹកនាំដោយឈ្មោះ សម រង្ស៊ី គឺជាផ្នែកមួយនៃអតីតក្រុមតំណាងរាស្ត្រ ដែលបានចូលរួមសម្រេចលើ ការអភិវឌ្ឍន៍គម្រោងតំបន់ត្រីកោណក្នុងខេត្តខ្មែរទាំងបួនដែលជាប់នឹងព្រំដែនកម្ពុជា វៀតណាម និងឡាវ។
ប៉ុន្តែសំណួរចង់បញ្ជាក់ក្នុងពេលនេះ គឺហេតុអ្វីបានជាតំណាងរាស្ត្រក្នុងគណបក្សប្រឆាំងនេះ ស្រាប់តែនិយាយកុហកថាគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ស្ថិតនៅតំបន់ព្រំដែនទាំងបីនោះមិនត្រូវបានពួកគេដឹងនោះទៅវិញ?
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឡុង រី ដែលបាននិរទេសខ្លួននៅក្រៅស្រុកក្នុងការតាមបម្រើនយោបាយទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ បាននិយាយប្រាប់អ្នកសារព័ត៌មានខ្មែរថា គាត់មិនបានដឹងអំពីការបង្កើតគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនោះទេ។ លោក ឡុង រី អតីតតំណាងរាស្ត្រមណ្ឌលក្រចេះ ដែលធ្លាប់ស្បថសច្ចានៅមុខព្រះស្វេតច្ឆត្រខ្មែរ នៃអតីតរបស់បុព្វបុរសជាដូនតារបស់ខ្មែរគ្រប់ជំនាន់ ហ៊ាននិយាយបដិសេធអំពីការមិនដឹងអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ តាមការផ្សាយព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី១៧ ខែសីហា បើទោះជាឈ្មោះរបស់បុគ្គលរូបនោះ ត្រូវបានឯកសាររដ្ឋសភាបង្ហាញច្បាស់លាស់ថា ស្ថិតក្នុងគណៈកម្មការមួយដែលទទួលខុសត្រូវ ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍នោះក៏ដោយ។
លោក ឡុង រី ថែមទាំងនិយាយបំពានទៀតថា វាជាអំពើមួលបង្កាច់ដាក់លើរូបលោកថែមទៀត។ ប៉ុន្តែទោះបីជាមានការប្រកែកដោះសារពីអតីតអ្នកតំណាងរាស្ត្រនោះក៏ដោយ អ្នករួមជំនាន់ធ្វើកិច្ចការជាមួយនឹងលោក ឡុង រី បានប្រញាប់បង្ហាញនូវការពិតជាប់ពាក់ព័ន្ធជាបន្តបន្ទាប់។
អ្នកតំណាងរាស្ត្រឯកឧត្តម ឈាង វុន នៅក្នុងសន្និសីទកាសែតមួយថ្ងៃទី១៩ ខែសីហា បានសម្តែងក្តីហួសចិត្ត បន្ទាប់ពីបានឃើញសម្តីបដិសេធរបស់អតីតតំណាងរាស្ត្រលោក ឡុង រី នោះ៖ «យី, ដល់ម្លឹង អ្នកនយោបាយគណបក្សប្រឆាំង អីក៏អន់ខ្លាំងម្លេះ អន់មែនទែនតែម្តងព្រោះតែគាត់និយាយអត់ការពិតហើយ ធ្វើហើយមិនហ៊ានទទួលខុសត្រូវ។ ខ្ញុំបានប្រាប់ថាគណបក្ស សម រង្ស៊ី នៅឆ្នាំ២០១០ ក៏ជាសមាជិកក្រុមការងាររបស់ CLV ដែរ CLV សភា។ ហើយគាត់សមាជិកក្រុមការងារ និង មានឯកសារចាត់តាំងត្រឹមត្រូវ ឯកឧត្តម ឡុង រី និងគាត់នៅលេខ១៤ មកពីគណបក្ស សម រង្ស៊ី អណ្ណត្តិទី៤ នៃរដ្ឋសភា។ អណ្ណត្តិទី៤ មានគណបក្សប្រជាជនជាប់ឆ្នោត បោះឆ្នោត២០០៨ បានជាប់៩០នាក់គណបក្ស សម រង្ស៊ី ពេលនោះបានជាប់២៦នាក់ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បាន២នាក់ គណបក្សនរោត្តម រណឫទ្ធិ បាន២ ហើយគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា បាន៣។
ហើយតំណាងរាស្រ្តទាំងអស់ហ្នឹងក៏ចូលមកធ្វើការ គឺចែងចែកទៅតាមគណៈកម្មាធិការនីមួយៗ។ ហើយកុំនិយាយថាគាត់អត់ដឹងឮសូរគេផ្សាយថា ឡុង រី អត់ដឹងផង កុំនិយាយអញ្ចឹង និយាយអញ្ចឹងម៉េចកើតគេធ្វើ CLV ប៉ុនណាប៉ុនណីនៅក្នុងខេត្តក្រចេះ ហើយបើគាត់ធ្វើតំណាងរាស្រ្តខេត្តក្រចេះ គាត់អត់ដឹងថាមាន CLV គាត់ចោលម្សៀតមែនទែនតែម្តង បានន័យថាគាត់មិនដែលទៅមណ្ឌលគាត់ផង បានគាត់អត់ដឹង»។
សម្តីបដិសេធរបស់ឈ្មោះ ឡុង រី នៅថ្ងៃទី១៧ ខែសីហានោះ បានធ្វើឡើងក្នុងរង្វង់ពេលដែលមេខ្លោង ក្រុមឧទ្ទាមក្បត់ជាតិបីជំនាន់ សម រង្ស៊ី កំពុងតែបំផុសសកម្មជនឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែអំពើញុះញង់ចង់ឱ្យមានចលនាក្បត់ជាតិនោះ ទីបំផុតបានបរាជ័យ ដោយការចង់បញ្ឆេះកំហឹងមនុស្សច្រើនម៉ឺននាក់ដែលបានមកជួបជុំគ្នាក្នុងទិវាបុណ្យអុំទុកក្រុង Lowell រដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែសីហា មិនអាចសម្រេចបានឡើយ។ ចំណែកចលនាញុះញង់ឱ្យមានអំពើបះបោរនៅក្នុងស្រុក ក៏មិនអាចកើតឡើងបានទៀត ដោយសារតែចលនាជាតិខ្មែរ ដែលប្តេជ្ញាការ រួមគ្នាជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងអំពើប៉ុនប៉ងនាំកម្ពុជាដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីវិញនេះ។
ទោះជាយ៉ាងណាក៏ដោយ អំពើនិយាយកុហករបស់អតីតតំណាងរាស្ត្ររបស់គណបក្សប្រឆាំងនោះ គឺជាមេរៀន ដែលគេត្រូវតែចងចាំទុកមិនត្រូវឱ្យមានអ្នកនយោបាយបោកប្រាសទាំងនេះ កើតមានសាជាថ្មី ក្នុងអនាគតនយោបាយប្រទេសកម្ពុជាទៀតឡើយ។
នៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ គណបក្សជំទាស់នៅក្នុងរដ្ឋសភាត្រូវបានគេចាត់ទុកថាជាសម្លេងមួយដែលនិយាយអំពីការពិត ដែលហ៊ានរិះគន់លើការដឹកនាំរបស់គណបក្សកាន់អំណាច ដើម្បីជួយតម្រែតម្រង់ឱ្យការកាច់ចង្កូតដឹកនាំប្រទេស បានសម្រេចនូវការអភិវឌ្ឍធំៗដើម្បីបំរើប្រជាជន ប៉ុន្តែមិនមែនគណបក្សជំទាស់ដែលនិយាយកុហកដល់ប្រជាពលរដ្ឋនោះឡើយ។ ការនិយាយកុហករបស់អ្នកតំណាងរាស្ត្រ ក្នុងគណបក្សជំទាស់ដើម្បី តែមហិច្ឆតានយោបាយផ្ទាល់ខ្លួនឯងនោះ គឺជាអំពើគ្រោះថ្នាក់មួយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
រហូតមកទល់ពេលនេះបុគ្គល ឡុង រី និងអ្នកធ្វើនយោបាយតាមហែរហមមេខ្លោងទណ្ឌិត សម រង្ស៊ី នៅតែបន្តបដិសេធ ការមិនដឹងអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលគេស្គាល់ថាជាគម្រោង CLV នោះឡើយ។ ប៉ុន្តែអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយ៉ាងហោច២នាក់ ឈ្មោះ កៃ ភិរម្យ និងឈ្មោះ គង់ បូរ៉ា បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិដែលចូលរួមក្នុងសភា ក្នុងអតីតកាលនោះពិតជាបានដឹងរឿង CLV នេះដោយពិតប្រាកដមែន។
នេះជាសម្តីរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក កៃ ភិរម្យ នាថ្ងៃទី១៩ ខែសីហា អំពីអ្វីជាគោលការណ៍របស់អតីតគណបក្សប្រឆាំងជុំវិញរឿងការអភិវឌ្ឍន៍តំបន់ត្រីកោណ៖ «ខ្ញុំគ្រាន់តែចង់បញ្ជាក់ ពីគោលនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកាលនោះ ខ្ញុំនៅក្នុងគណៈកម្មការបរទេស និងសហប្រតិបត្តិការ នេះដែរដូចឯកឧត្តម ឈាង វុន គាត់មានប្រសាសន៍ហើយកាលនោះ មានលោកជំទាវ ជូ ឡុង សាមូរ៉ា ជាអនុប្រធានហើយគាត់ជាភរិយាផ្ទាល់របស់ឯកឧត្តម សម រង្ស៊ី ហើយមានបីនាក់ទៀតគឺខ្ញុំ កៃ ភិរម្យ ឯកឧត្តម ញយ ចំរើន ហើយនិងឯកឧត្តម គី វណ្ណារ៉ា គឺបួននាក់។ សួរថាយើងដឹងរឿងនឹងទេ? យើងដឹង ដឹងច្បាស់ណាស់ ដឹងទាំងអស់ ទាំងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិក៏ដឹងទាំងអស់គ្នាដែរ មិនមែនមិនដឹងទេ ប៉ុន្តែរឿងដែលសំខាន់គឺ គណបក្សសង្គ្រោះជាតិ អត់មាន គោលនយោបាយអ្វីដើម្បី ជជែកវែកញែក ក្នុងបញ្ហានេះទេកាលពេលនោះ ព្រោះនៅក្នុងគណៈកម្មការ នាយកក៏អត់មានដែលលើកដាក់ក្នុងអង្គប្រជុំដើម្បីជជែកគ្នា ក្នុងគណកម្មការអចិន្ត្រៃយ៍ក៏មិនដែលឮសូរជជែកគ្នាដែរ។ ប៉ុន្តែសួរថាបុគ្គលនីមួយៗ ដឹងអត់? ដឹង ប៉ុន្តែអត់មានធ្វើអ្វីទេ គ្រាន់តែដឹង ហើយក៏ហីចោលទៅ ហើយអត់មានចាប់អារម្មណ៍អ្វីទេ នឹកថាត្រូវធ្វើចេះ ធ្វើចុះនោះទេ ខ្ញុំសូមជម្រាបថាអញ្ចឹងតែម្តង»។
លោក កៃ ភិរម្យ បានសារភាពថាអតីតតំណាងរាស្ត្រក្នុងគណបក្សសង្គ្រោះជាតិទាំងបួននាក់ គឺសុទ្ធតែ បានចូលរួមក្នុងកិច្ចប្រជុំនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀតណាម ឡាវ ដោយពិតប្រាកដមែន និងក្នុងកិច្ចប្រជុំនោះ ក៏រួមមានទាំងការចុះលើលិខិតស្នាមជាលាយលក្ខណ៍អក្សរនោះថែមទៀត។
បន្ទាប់ពីប្រសាសន៍បញ្ជាក់របស់លោក កៃ ភិរម្យ នៅថ្ងៃទី១៩ ខែសីហាដដែលនោះ លោក គង់ បូរ៉ា ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់បន្ថែមទៀតនូវការពិត អំពីរឿងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ តាមរយៈការធ្វើវីដេអូ Conference ក្នុងពេលដែលលោកកំពុងធ្វើដំណើរមកពីខេត្តសៀមរាប៖ «ខ្ញុំសូមបញ្ជាក់ជូនថាខ្ញុំបាទ គង់ បូរ៉ា អតីតជាអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខ្ញុំបាទជាសាក្សី ចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នៅប្រទេសឡាវ ជាមួយ នឹងសម្តេច ហ៊ុន ណេង។
ខ្ញុំបាទជាតំណាងបក្សប្រឆាំងតែមួយរូបគត់ ដែលខ្ញុំបាទ បានទៅដល់និងជជែកការងាររាក់ជ្រៅ ហើយបានស្តាប់ដោយយកចិត្តទុកដាក់ អំពីកិច្ចសហប្រតិបត្តិការ ដែលដាក់ខេត្តបួន ទៅខាងតំបន់អភិវឌ្ឍន៍ដែលមានកម្ពុជា វៀតណាម ឡាវ នោះឃើញថា ខ្ញុំជាតំណាងបក្សប្រឆាំងគឺខ្ញុំ ប្រយ័ត្នប្រយែងបំផុត ព្រោះខ្លាច ត្រូវមានការស្តីបន្ទោសអីពីថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ កាលពេលនោះ។ អញ្ចឹងទេ ខ្ញុំសូមបញ្ជាក់ថាតំបន់អភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការត្រីកោណ CLV នេះគឺមិនមានការកាត់ខេត្តណាមួយទៅខាងភាគីណាមួយនោះទេ ជាពិសេសទៅខាងភាគីវៀតណាម អីគឺថាមិនដូចការធ្វើឱ្យមានភាព ចលាចលតាមសារព័ត៌មានដូចមេដឹកនាំគណបក្សប្រឆាំង ជាពិសេសមេដឹកនាំឧន្ទាមក្រៅប្រទេសដែលមានឯកឧត្តម សម រង្ស៊ី ដែលជាមេដឹកនាំក្បត់ជាតិបីជំនាន់នោះ ដែលតែងតែរវើរវាយចេះតែបង្កឲ្យអ្នកគាំទ្រធ្វើការទាមទារ ឬក៏ធ្វើការជួយបន្ទរដែលជាទង្វើខ្លួនគិតថាប្រឆាំង ដែលឈ្នះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ជាពិសេសចង់ឈ្នះលើតែបុគ្គលសម្តេច ឈ្នះលើតែបុគ្គលគ្រួសារសម្តេចតេជោ ហ៊ុន សែន»។
នៅក្នុងសង្គមដែលប្រកាន់យកនូវដំណើរការលទ្ធិប្រជាធិបតេយ្យ សម្លេងគណបក្សជំទាស់ នៅក្នុងរដ្ឋសភា គឺជាសម្លេងមួយ ដែលត្រូវបានគេចាត់ទុកថាជាសម្លេងមួយជាកម្លាំងចលករ និងជាកញ្ចក់ជួយឆ្លុះបញ្ចាំងដំណើរការវិវឌ្ឍន៍របស់ជាតិ ប៉ុន្តែបើសម្លេងគណបក្សជំទាស់ គឺជាសម្លេងដែលនិយាយកុហកដើម្បីផលប្រយោជន៍សម្រាប់មហិច្ឆតានយោបាយទុច្ចរិតរបស់ខ្លួនទៅហើយ តើគេគួរតែទុកចិត្តលើសម្លេងរបស់គណបក្សជំទាស់នោះទៀតដែរឬទេ។
កូនខ្មែរទាំងអស់ គប្បីត្រូវស្គាល់មុខមាត់ឱ្យច្បាស់បុគ្គលណា ដែលដើរតាមទណ្ឌិត សម រង្ស៊ី ហើយសម្លេងរបស់ពួកគេ មិនមែនជាសម្លេងដើម្បីផលប្រយោជន៍ជាតិឡើយ។ សម្លេងរបស់ពួកគេ គឺជាសម្លេងបោកប្រាស់ធ្វើប្រជាភិថុត ដើម្បីតែនយោបាយបោកប្រាស់របស់ពួកគេតែប៉ុណ្ណោះ។ អ្នកទាំងឡាយ ដែលធ្លាប់ចាញ់នូវឧបាយកលរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នេះ សូមប្រញាប់ដកខ្លួនវិញភ្លាមចេញពីក្រុមដែលមានចិត្តជាទេវទត្ត មាត់ជាទេវតានេះ៕