(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច (ង៧០) គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការនៃការបាញ់ថ្នាំមូស សម្រេចបាន៣៧ សង្កាត់លើ ១០៥សង្កាត់ ក្នុង ៧ខណ្ឌលើ ១៤ខណ្ឌហើយ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ សម្រេចបាន៣៧សង្កាត់ លើ១០៥សង្កាត់ ក្នុង៧ខណ្ឌ១៤ខណ្ឌហើយ ដែលបើកយុទ្ធនាការចាប់ពីថ្ងៃសៅរ៍ទី១៧ សីហា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
លោកប្រធានបន្តថា ដោយឡែកនៅថ្ងៃទី១៩ សីហា នេះ ក្រុមការងារបានបាញ់ថ្នាំមូស បានចំនួន១២សង្កាត់បន្ថែមទៀត ដែលមាននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែនសុខ, ខណ្ឌទួលគោក ខណ្ឌបឹងករងកង និងខណ្ឌពោធិ៍សែនជ័យ។ ក្នុងនោះរួមមាន៖ សង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ សង្កាត់កាកាបទី១ សង្កាត់គោកឃ្លាង សង្កាត់ទឹកល្អក់ទី២ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិក សង្កាត់ផ្សារកណ្តាលទី២ សង្កាត់ជ័យជំនះ និងសង្កាត់ផ្សារថ្មីទី១។
គួររំលឹកថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ សីហា ពោលគឺចំថ្ងៃបើកយុទ្ធនាការបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ បានណែនាំរួចហើយ ដោយឱ្យកងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្លាប់មូសនេះឱ្យបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ។
លោកអភិបាលបន្តថា ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើនសំរាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើឱ្យក្មេងមានជម្ងឺគ្រុនឈាម កាលណាកើតមានជម្ងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលាក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត៕