(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន ១៥០,០០០,០០០រៀល និង ៣៧៥ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផា ប្រចាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការនាំយកថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើន ដែលបាននិងកំពុងទទួលសេវាថែទាំ សម្រាកព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង៥ទីតាំង នៅកម្ពុជា៕