(សៀមរាប)៖ កម្ពុជា-ថៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសហប្រតិបត្តិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ លើកទី២៥ រវាងយោធភូមិទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោកឧត្តមសេនីយ៏ទោ សុក រីនណា មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៤ ប្រធានលេខាគណ:កម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ និងលោកឧត្តមសេនីយ៍ត្រី សុមថុប ផារ៉ាវ៉េត នាយសេនាធិការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានក្រុមលេខា ដោយមានការចូលរួមពីលោក លោកស្រី មកពីមន្ទីរ អង្គភាពពាក់ព័ន្ធនៃខេត្តក្នុងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃផងដែរ។

កិច្ចប្រជុំក៏បានធ្វើការចុះហត្ថលេខា ដោយសហប្រធានក្រុមលេខា លើខ្លឹមសារ១៨ចំណុច ដែលបានឯកភាព ក្នុងនោះដេរ ដោយផ្តោតទៅលើវិស័យសន្តិសុខ, រក្សាសុវត្ថិភាព, ស្ថិរភាព និងតំបន់ភូមិសាស្ត្រព្រំដែន៖

*ទី១៖ បង្គោលសីមាព្រំដែនគោក
*ទី២៖ ច្រកឆ្លងដែន និងការធ្វើដំណើរឆ្លងដែន ដើមី្បបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងដែន ការធ្វើគមនាគមន៍ និងការធ្វើពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ
*ទី៣៖ កិច្ចសហប្រតិបត្តិការលើវិស័យការងារ
*ទី៤៖ ​ការទប់ស្កាត់បង្ក្រាប់បទល្មើសគ្រឿងញៀនតាមបណ្តោយព្រះដែន
*ទី៥៖ ការបង្ការ និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ ក្នុងតំបន់ភូមិសាស្ត្រ
*ទី៦៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម
*ទី៧៖ កិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីន់
*ទី៨៖ ការលើកស្ទួយកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នសន្តិសុខ នៃភាគីទាំងពីរ ក្នុងភូមិសាស្ត្រតំបន់ព្រំដែន
*ទី៩៖ កិច្ចសហប្រតិបត្តិការលើកវិស័យពាណិជ្ជកម្ម ដើមី្បបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មព្រំដែន ស្របតាមសភាពការណ៍វិវឌ្ឍនភាពនាបច្ចុប្បន្ន
*ទី១០៖ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្នុងការលើកកម្ពស់ គុណភាពផលិតផលកសិឧស្សាហកម្ម ការកាត់បន្ថយនូវដើមទុន ក្នុងការផលិតលើការងារកសិកម្ម ដើមី្បផលប្រយោជន៍ដល់ កសិករ និងប្រជាជនដែលស្នាក់អាស្រ័យរស់នៅតាមបណ្តោយព្រំដែន។
*ទី១១៖ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល
*ទី១២៖ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរនិងឆ្លងដែន, ការស្វែងរកទីផ្សារ ការឃោសនាផ្សព្វផ្សាយលើវិស័យទេសចរណ៍ ក្រោមគំនិត(ព្រះរាជាណាចក្រពីរ គោលដៅតែមួយ) និងការអភិវឌ្ឍធនធានមនុស្ស វិស័យទេសចរណ៍, ការអភិវឌ្ឍវិស័យទេចរណ៍ប្រកបដោយគុណភាព និងការវិនិយោគទាក់ទង និងវិស័យទេសចរណ៍។
*ទី១៣៖ កិច្ចសហប្រតិបត្តិការលើវិស័យ ការថែរក្សាធនធានធម្មជាតិ និងបរិស្ថាន
*ទី១៤៖ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យ សាសនា វប្បធម៌
*ទី១៥៖ កិច្ចសហប្រតិបត្តិការលើវិស័យសង្រ្គោះមហន្តរាយ
*ទី១៦៖ លើការគោរព សិទ្ធិរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការវិស័យព័ត៌មានសាធារណៈ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវ ពិតប្រាកដ សុក្រឹត ដើមី្បលើកស្ទួយភាពយល់ចិត្ត និងទុកចិត្តគ្នា បង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នាក្នុងឋានៈជាប្រទេសជិតខាងព្រំដែនជាប់គ្នា។
*ទី១៧៖ ការពាំនាំ និងចាត់តាំងអនុវត្តលទ្ធផលនៃកិច្ចប្រជុំរវាងភាគីទាំងពីរ ឲ្យមានប្រសិទ្ធភាព
*ទី១៨៖ កំណត់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ លើកទី២៦ នៅឆ្នាំ២០២៥ ធ្វើនៅព្រះរាជាណាចក្រថៃ។

លោកឧត្តមសេនីយ៏ទោ សុក រីនណា និងលោកឧត្តមសេនីយ៍ត្រី សុមថុប ផារ៉ាវ៉េត បានលើកឡើងថា ក្នុងរយៈកាលកន្លងមក ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា រវាងភូមិភាគទី២ និងយោធភូមិភាគទី៤ បានពិភាក្សារួមគ្នាជាផ្លូវការ និងក្រៅផ្លូវការជាបន្តបន្ទាប់ ក្នុងការទំនាទំនងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយភាពស្មោះត្រង់ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីជំរុញការអនុវត្តន៍របស់កងឯកភាពមូលដ្ឋានឲ្យប្រព្រឹត្តទៅតាមគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកំណត់ទុក ដែលនាំទៅដល់សភាពស្ងប់ស្ងាត់ និងសុវត្ថិភាព នៅតំបន់ព្រំដែន។

សហប្រធានបានបន្តថា កិច្ចប្រជុំរួមក្រុមលេខានាថ្ងៃនេះសង្ឃឹមនឹងទទួលបានការរួមសហប្រតិបត្តិការកំណត់នូវវិធានការណ៍ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ រួមទាំងសហប្រតិបត្តិការគ្នាចងក្រងកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការប្រកប ដោយផលប្រយោជន៍រួមគ្នាក្នុងការប្រតិបត្តិរបស់ភាគីទាំងពីរ ដើម្បីលើកសំណើរជូនគណៈកម្មាធិការព្រំដែនពិចារណា ដែលនឹងនាំមកជាមួយនូវផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរជារៀងរហូត។

កិច្ចប្រជុំ និងពិភាក្សានេះ ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណងកិច្ចសហប្រតិបត្តិការល្អ ធានាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ក៏បានផ្តោតលើការពិភាក្សាសំខាន់ ទៅលើលទ្ធផលក្នុងការអនុវត្តកន្លងមក និងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ហើយធ្វើការបូកសរុប ដើម្បីដាក់ជូនសហប្រធានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគពិនិត្យ និងសម្រេច។

លោកទាំងពីរសង្ឃឹមថា កិច្ចប្រជុំនាពេលនេះ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការកសាងទំនុកចិត្ត ភាពជឿជាក់ និងការផ្លាស់ប្តូរយោបល់ទៅវិញទៅមកក្នុងន័យស្ថាបនា ឈានទៅរកការឯកភាព ជាគោលការណ៍ដែលធានាឲ្យកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ, ថៃ-កម្ពុជា រវាងយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ ជាមួយយោធភូមិភាគទី២កងទ័ពភូមិន្ទថៃ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះផង​ដែរ៕