(បាត់ដំបង)៖ នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងគ្រូបង្រៀនអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សរុបចំនួន៦២នាក់។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមនូវខ្លឹមសារមួយនៅលើបណ្ដាញសង្គមថា «ថ្ងៃនេះខ្ញុំ និងក្រុមការងារមានឱកាសបានជួបជាមួយប្អូនៗគរុសិស្ស និងគរុនិស្សិត ដែលបានឆ្លងកាត់ការប្រឡងក្លាយជាមន្ត្រីរាជការកាលពីពេលថ្មីៗនេះ។ ការជួបគ្នានាថ្ងៃនេះ ជាការសំណេះសំណាលសួរសុខទុក្ខផង និងជាឱកាសបានស្តាប់ការចែក រំលែកអនុស្សាវរីយ៍នានា ក៏ដូចជាបទពិសោធ នៃការប្រឡងប្រជែងរបស់បេក្ខជនជ័យលាភីម្នាក់ៗផង។
បើតាមលោក ហ៊ុន ម៉ានី, លើសពីភាពសប្បាយរីករាយ បេក្ខជនជ័យលាភី បានបង្ហាញពីអារម្មណ៍ «ជាប់ដោយមោទនៈ» ដែលខ្លួនបានប្រឹងប្រែងឆ្លងកាត់ដំណាក់កាលនានា តាមរយៈការប្រើប្រាស់សមត្ថភាព ដើម្បីប្រឡងប្រជែងជាមួយបេក្ខជនរាប់ម៉ឺននាក់។ ភាពជោគជ័យទាំងនេះ បានផ្តល់កិត្តិយសដល់ខ្លួនផង ដល់ក្រុមគ្រួសារផង រួមទាំងសហគមន៍ ដែលខ្លួនកំពុងរស់នៅផង។
លោកបានបន្ដថា បេក្ខជនទាំងអស់នោះ ក៏បានរៀបរាប់ថា ពួកគេបានក្លាយជាចំណែកមួយនៃការផ្លាស់ប្តូរផ្នត់គំនិតមហាជនជាវិជ្ជមាន មកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ កាត់បន្ថយការយល់ច្រឡំ ឬពាក្យចចាមអារាមនានា តាមរយៈការពន្យល់ប្រាប់អ្នកដទៃពីភាពជោគជ័យរបស់ខ្លួន ព្រោះនេះជាសក្ខីភាព និងជាសាក្សីដែលបានឆ្លងកាត់ដោយផ្ទាល់ និងចូលរួមដោយផ្ទាល់ ក្នុងដំណើរការប្រឡងប្រជែងតាំងពីពេលដាក់ពាក្យ រហូតបានទទួលលទ្ធផលដូចពេលនេះ។
បេក្ខជនទាំងអស់ បានយកឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតផ្តល់បរិយាកាស ឲ្យមានរៀបចំការប្រឡងប្រជែងនេះ ហើយក៏បានអនុញ្ញាតពួកគេមានឱកាសប្រឡងប្រជែងគ្នាដោយស្មើភាព ម្តងហើយ ម្តងទៀត និងជាបន្តបន្ទាប់។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ និងបង្ហាញពីជឿជាក់យ៉ាងមុតមាំថា តាមរយៈការជ្រើសរើសដ៏ហ្មត់ចត់នេះ ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា នឹងបន្ថែមកម្លាំងធនធានមនុស្ស ដ៏កាន់តែមានសក្តានុពលបន្ថែមទៀត ឆ្ពោះទៅកាន់ប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
តាមរយៈការបង្ហោះសារខាងលើ លោកក៏បានលើកទឹកចិត្តឲ្យបេក្ខជនទាំងអស់គ្នាក្លាយខ្លួនជា «ភ្នាក់ងារផ្សព្វផ្សាយ ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» ដល់មូលដ្ឋានរៀងៗខ្លួន ហើយប្រាប់ដល់លោកតា លោកយាយ អ៊ំ ពូ មីង យុវជន យុវនារី សូមឲ្យមានទំនុកចិត្តលើការកែទម្រង់ប្រកបដោយឆន្ទៈខ្ពស់នេះ ជាពិសេសលោកបានលើកទឹកចិត្តទាំងអស់គ្នា ចូលរួមប្រឡងប្រជែង ដើម្បីសម្រេចតាមបំណងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការ ផ្អែកលើសមត្ថភាពរៀងៗខ្លួន៕