(កំពត)៖ យុវជនម្នាក់ឈ្មោះ នុល ជាតិ ហៅចិន និងជាម្ចាស់គណនី TikTok ឈ្មោះ CHIN ដែលកន្លងទៅជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ហើយតែងបង្ហោះសារដោយប្រើប្រាស់ពាក្យមិនគួរគប្បីជាច្រើននោះ នៅពេលនេះភ្ញាក់ខ្លួន ដឹងកំហុស និងចេញវីដេអូសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
តាមរយៈវីដេអូសុំទោសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ យុវជន នុល ជាតិ ដែលជាអ្នករស់នៅភូមិកណ្ដាល សង្កាត់កោះតូច ក្រុងបូកគោ បានបង្ហាញនូវការសោកស្ដាយនូវកំហុសដ៏ធ្ងន់ធ្ងរ ដែលបានបង្ហោះតាម TikTok នូវពាក្យដែលមិនគប្បី ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ស្ថេរភាពសង្គម សន្តិសុខជាតិ និងប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
យុវជនរូបនេះ បានទទួលស្គាល់សារភាពទោសកំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ក្នុងគោលដៅបង្កអសន្តិសុខសង្គម ដោយការគិតខុសមួយពេល ខ្វះការពិចារណា ក្នុងការបង្ហោះ សំណេរ និងភ្ជាប់ពាក្យពេចន៍ដែលពុំគប្បីទាល់តែសោះ។
លោកបានស្នើដល់យុវជនទាំងឡាយ សូមកុំបង្ហោះ ចែករំលែកនូវព័ត៌មាន ឬសកម្មភាពអ្វីដែលប៉ះពាល់ដល់សង្គមជាតិ ឬក៏ខមមិនសរសេរពាក្យពេចន៍អ្វី ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ប៉ះពាល់ដល់ប្រទេសជាតិ ដែលកំពុងអភិវឌ្ឍន៍និងកុំជឿតាមការ ញុះញង់ អូសទាញរបស់ក្រុមជ្រុលនិយមដែលមានគោលបំណងបំផ្លាញជាតិ បំផ្លាញសុខសន្តិភាព និងបំផ្លាញការរស់នៅរបស់ប្រជាជន៕