(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកល្វាឯម ក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល សរុបចំនួន២៦៨នាក់។ ពិធីសំណេះសំណាលនោះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបណ្តាក្រុង ស្រុកទាំង៣ នៃខេត្តកណ្តាលផងដែរ។
លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជូនចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរស្រុក ក្រុង និងប្រជាពលរដ្ឋទាំងអស់។
ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលកន្លងមក។ ពេលនេះ តំណាងដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានអញ្ជើញទៅបោះឆ្នោតគាំទ្រ បានមកជួបជាមួយម្ចាស់ឆ្នោត ដើម្បីថ្លែងអំណរគុណ ផ្សព្វផ្សាយសកម្មភាពរបស់ព្រឹទ្ធសភា ច្បាប់ និងគោលនយោបាយ ព្រមទាំងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានជម្រាបជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងអង្គពិធីមូលអំពីតួនាទី ភារកិច្ច និងមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា សភាពការណ៍ថ្មីៗដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្នថា មកទល់នឹងពេលនេះ ព្រឹទ្ធសភាកម្ពុជា បានដំណើរការមកដល់នីតិកាលទី៥ ដែលបានបើកសម័យប្រជុំដំបូងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រកម្ពុជា និងបានបោះឆ្នោតជ្រើសរើស សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា, លោក ប្រាក់ សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា និងលោក អ៊ុច បុររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងបានបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍, គណៈកម្មការនានា, ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ក្រុមសមាជិកាព្រឹទ្ធសភា, ក្រុមមិត្តភាពទ្វេភាគី និងពហុភាគី។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួយផ្សព្វផ្សាយដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន កុំឱ្យចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម។ ឯកឧត្តម គាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រី ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញស្តីពីការងារអត្រានុកូលដ្ឋាន និងផ្តល់នូវទស្សនទានផ្លូវច្បាប់ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។
ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
លោកបានលើកទឹកចិត្តដល់រដ្ឋបាលស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ឱ្យបន្តខិតខំ លើកកម្ពស់ការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដោះស្រាយបញ្ហាជាអាទិភាពនានារបស់មូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងនាមជាអ្នកបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕