(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Jang Yun Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្នុងឱកាសនៃជំនួបលោកឯកអគ្គរដ្ឋទូត បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ដែលបានពូនជ្រុំដោយលោក គីម អ៉ីលស៊ុង និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតកោដ្ឋ។
ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូត ឲ្យបន្តធ្វើការងារជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕