(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់, លោក ផាយ ឡេង ពីអភិបាលនៃគណៈអភិបាលស្រុកបាកាន ឱ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងខាងលើនេះ ត្រូវបានធ្វើឡើង នៅបរិវេណសាលាក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាក្រុង/សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល លេខ៨០៨ អនក្រ.តត ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានសម្រេចផ្ទេរភារកិច្ចលោក ផាយ ឡេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកបាកាន ឱ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ខណៈលោក ចាប នាង អតីតអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ត្រូវចូលនិវត្តន៍ និងត្រូវទទួលមុខតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ អាណត្តិទី៤៕