(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈកម្មការបច្ចេកទេសត្រីភាគីដែលមានក្រសួងការងារ និយោជក និងសហជីព នឹងបើកការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧ បន្តទៀត។ ការពិភាក្សានេះនឹងធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមសហជីព បានបង្ហាញពីជំហររបស់ខ្លួន ដោយចង់ឱ្យភាគីទាំងអស់បញ្ចប់ការពិភាក្សាចរចាលើប្រាក់ឈ្នួល ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ ដើម្បីជាកាដូសម្រាប់កម្មករខ្មែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ភាគីថៅកែរោងចក្រ បានយល់ព្រមដាក់តួលេខថ្មី ១៤៦.៣៧ដុល្លារ។ ចំណែកឯភាគីខាងសហជីពក៏ទម្លាក់តួលេខរបស់ខ្លួនមកនៅត្រឹម ១៧៧.៥៩ដុល្លារផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា តួលេខទាំងពីរនេះ នៅមានគម្លាតពីគ្នាឆ្ងាយនៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួល ដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុនបន្ទាប់ពីមានការចរចាដំឡើងប្រាក់ឈ្នួល ពីភាគីពាក់ព័ន្ធនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារ ក្នុងមួយខែដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត៕