(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទោចថ្ពាល់លឿង ស្ថិតក្នុងប្រភេទមានដោយកម្រ ហើយត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័នទី១ នៃអនុសញ្ញា CITES។
អ្នកនាំពាក្យបានឱ្យដឹងថា ទោចថ្ពាល់លឿង ជាទូទៅត្រូវបានគេប្រទេះឃើញនៅព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។វាមានវត្តមានតែនៅភាគខាងកើតទន្លេមេគង្គ និងប៉ែកឦសាន្តប្រទេស នៅក្នុងភូមិសាស្រ្ត ខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី នៃប្រទេសកម្ពុជា។ តាមការសិក្សាស្រាវជ្រាវកន្លងមក ទោចថ្ពាល់លឿងមានរស់នៅតែក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ប៉ុណ្ណោះនៅលើសកលលោក។ ការការពារសត្វប្រភេទនេះគឺមានសារៈសំខាន់ណាស់ ដែលអាចលើកឡើងកត្តា៣សំខាន់៖
*ទី១៖ ការថែរក្សាការពារធនធានធម្មជាតិ របស់កម្ពុជាបានល្អប្រសើរ ធ្វើឱ្យមានកំណើន និងវត្តមានសត្វកម្រ ជិតផុតពូជរស់នៅ។ តំបន់ការពារធម្មជាតិកម្ពុជា គ្របដណ្តប់ភាគច្រើន ដោយព្រៃខៀវស្រងាត់ វាលស្មៅ និងព្រៃឈើ ដែលបានផ្តល់ជម្រកសំខាន់ សម្រាប់សត្វព្រៃ ខណៈតំបន់អស់នេះ ត្រូវបានការពារដ៏រឹងមាំ ជាសកលសម្រាប់ប្រភេទជីវៈចម្រុះនានា ជាពិសេសសត្វទោចថ្ពាល់លឿង។
*ទី២៖ ផ្តល់ប្រយោជន៍ដល់ភាពរឹងមាំរបស់ប្រព័ន្ធអេកូឡូស៊ី ដែលបានបង្កើត និងរីកចម្រើនប្រភេទជីវៈចម្រុះទាំងឡាយ និងជំរុញឱ្យមានការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវៈចម្រុះ បានគង់វង្សបន្ថែមទៀត។
*ទី៣៖ ការទាក់ទាញទេសចរមកម្សាន្ត បង្កើនចំណូលសហគមន៍មូលដ្ឋាន តាមរយៈសេវាកម្មទេសចរណ៍លំហែរបៃតង ក្នុងនោះការដើរមើលសត្វព្រៃ ព្រៃឈើ ធម្មជាតិ និងទេសភាព នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។ តាមរយៈគម្រោងនេះគេរំពឹងថានឹងទាក់ទាញពលរដ្ឋក្នុងសហគមន៍មូលដ្ឋានឱ្យបញ្ឈប់ការបរបាញ់ដាក់អន្ទាក់ និងការជួញដូរសត្វព្រៃនឹងជំរុញឱ្យប្រជាពលរដ្ឋទូទៅបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមការពារ និងអភិរក្សសត្វព្រៃដើម្បីទាំងអស់គ្នា។
ជាមួយគ្នានេះ លោកបានបន្តថា តាមរយៈការបង្ហាញពីវត្តមានកើនឡើងនៃ ប្រភេទសត្វព្រៃនេះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំនួន៤កន្លងទៅ គឺការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ និងចាប់សត្វព្រៃ បរបាញ់សត្វព្រៃ ការសហការជាមួយអាជ្ញាធរពង្រឹងការណុវត្តច្បាប់ ការផ្តល់ផែនទីផ្កាយរណប និងដ្រូនចូល ឬទប់ស្កាត់ និងបង្រ្កាបបទល្មើសនាន រួមទាំងការសហការជាមួយសមត្ថកិច្ច កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ កងយោធលខេមរភូមិន្ទក្នុងការពង្រឹងបន្ថែមនៃការគ្រប់គ្រងធនធានធម្មជាតិ។ វិធានមួយទៀតនោះគឺ ជំរុញឱ្យមានការដាំដើមឈើឱ្យបានច្រើនការចូលរួមពីសហគមន៍ ក្នុងការការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ ដូចជាជាផ្តើឱកាសជាម្ចាស់ បង្កើតសេវាទេសចរណ៍ធម្មជាតិជាដើម។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរឱ្យមានការចូលរួមគោរពច្បាប់ កុំមានការបរបាញ់ ទាក់ ចាប់ បំផ្លាញទីជម្រក និងការធ្វើពាណិជ្ជកម្មសត្វព្រៃ ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវធនធានធម្មជាតិ និងបរិស្ថាន និងការរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ ព្រមទាំងជំរុញឱ្យមានការសិក្សាស្រាវជ្រាវ និងការអភិរក្សជីវចម្រុះក្នុងតំបន់ការពារធម្មជាតិ បន្ថែមទៀត ដែលធានាវត្តមានរស់នៅ សម្រាប់កូនចៅយើងជំនាន់ក្រោយ៕