(កែប)៖ រដ្ឋបាលខេត្តកែប សហការជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ «គម្រោងមេធាវីដល់មូលដ្ឋាន» នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត។
នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងអំណរគុណ ដល់ប្រតិភូគណ:មេធាវី ដែលដឹកនាំដោយ លោក លី ច័ន្ទតុលា ដែលបានរៀបចំធ្វើការផ្សព្វផ្សាយ ស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ «គម្រោងមេធាវីដល់មូលដ្ឋាន»។
លោកបានបន្តថា វគ្គបណ្តុះបណ្តាល ស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តី ដែលជាអ្នកអនុវត្តច្បាប់ក្នុងមូលដ្ឋាន នៃខេត្តកែបនេះផ្ទាល់។ ជាពិសេសនោះ គឺការផ្សព្វផ្សាយអំពីសេវាមេធាវី ការការពារក្តីជូនជនក្រីក្រ ដោយមិនគិតកម្រៃ។
លោកបណ្ឌិត សោម ពិសិដ្ឋ បានសំណូមពរឲ្យសមាជិក សមាជិកាដែលចូលរួមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាចំណេះដឹងថ្មី ក្នុងការយកទៅអនុវត្ត នៅក្នុងកិច្ចការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រាបជូនអំពីគោលបំណង ចំនួន៤ចំណុចសំខាន់ៗ រួមមាន៖
*ទី១៖ ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
*ទី២៖ ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
*ទី៣៖ ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
*ទី៤៖ បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។
លោក លី ច័ន្ទតុលា បានបន្តទៀតថា ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំនៅក្នុងកម្រិត ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអាជ្ញាធរ ឃុំ សង្កាត់ ឲ្យបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ដែលជាការជម្រុញដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសការចូលរួមចំណែកក្នុងការអនុវត្តគាំទ្រ យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកប្រធានគណៈមេធាវី សង្ឃឹមយ៉ាងម៉ុតមាំថា ឆ្លងកាត់វគ្គបណ្តុះបណ្តាល ស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនេះរួច លោក លោកស្រី នឹងទទួលបាននូវធាតុចូលថ្មីបន្ថែមទៀត សម្រាប់បម្រើការងារ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕