(កំពង់ធំ)៖ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកបានជំរុញដល់ប្រជាកសិករ ឲ្យយកចិត្តទុកដាក់លើសត្វគោក្របី ដោយធ្វើវ៉ាក់សាំងការពារជំងឺផ្សេងៗ បន្ថែមទៀត និងណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។
លោកក៏បានប្រាប់ឲ្យត្រូវពង្រឹង កិច្ចសហការឲ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ឲ្យបានទាន់ពេលវេលា។
លោក ចាន់ បញ្ញវ័ន្ត បានបញ្ជាក់ដល់បងប្អូនប្រជាកសិករ ដែលមានសត្វគោ ក្របី ឲ្យយកចិត្តទុកដាក់ចំពោះទីកន្លែងរស់នៅរបស់សត្វ សម្អាតទ្រុងជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគ ឲ្យបានញឹកញាប់ យ៉ាងហោច២ដងក្នុង១ខែ ផ្តល់ទឹក និងស្មៅព្រមទាំងចំបើង ឲ្យស៊ីគ្រប់គ្រាន់ យកសត្វមកចាក់ថ្នាំការពារជំងឺឆ្លងឱ្យបានទៀងទាត់តាមការណែនាំពីមន្ត្រីជំនាញ (២លើកក្នុង១ឆ្នាំ)។
សូមបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារសម្រេចចាក់បានសត្វគោសរុប១០០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក៥០០កំរិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋានរបស់គាត់ផងដែរ៕