(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រធានមន្ទីរ អង្គភាព អភិបាល ក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់នៅនិងអាស្រ័យផល នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុវជន ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជនខាងលើនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើការសួរសុខទុក្ខពីសម្ដេចអធិបតីនាយករដ្ឋមន្ត្រី ក្នុងមនោសញ្ចេតនានឹករលឹក និងគោរពស្រឡាញ់ដ៏ជ្រាលជ្រៅយ៉ាងក្រៃលែងមកដល់បងប្អូ នប្រជាពលរដ្ឋនិងបងប្អូនអតីតយុទ្ធជនរបស់យើងផងដែរ។
លោកអភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជនទាំងអស់ឲ្យបានជ្រាបនូវព័ត៌មានខ្លះៗដែលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារមានការបំផុសបំផុល និងញុះញង់ពីក្រុមជ្រុលនិយមមួយក្តាប់តូច ដែលពួកគេបានជំទាស់ទៅនឹងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅតំបន់ភូមិភាគឥសាន្ត ពួកគេមិនត្រឹមតែជំទាស់ទៅនឹងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានញុះញង់ឲ្យពលរដ្ឋចូលរួមផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់របស់យើងទៀតផង។
តែដោយប្រជាពលរដ្ឋរបស់យើងមានការយល់ដឹង និងមានជំនឿយ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាល ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ដែលសម្ដេចបានលះបង់អាយុជីវិតនិងសាច់ស្រស់ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិពីបនប្រល័ យពូជសាសន៍ ប៉ុល ពត និងបានកសាងនូវសុខសន្តិភាព ព្រមទាំងបានធ្វើការអភិវឌ្ឍប្រទេសជាតិនៅគ្រប់វិស័យតាំងពីបាតដៃទទេរហូតប្រទេសជាតិរបស់យើងមានភាពសម្បូរសប្បាយ មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយភាពសុខដុមរមនា រហូតបច្ចុប្បន្ន។ហេតុនេះមិនមានពលរដ្ឋណាម្នាក់ស្ដាប់តាមការបំផុសបំផុល និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចទាំងនោះ ទើបធ្វើឱ្យផែនការរបស់ពួកគេត្រូវបានបរាជ័យ។
ក្នុងនាមថ្នាក់ដឹកនាំ និងក្នុងនាមកងកម្លាំងប្រដាប់អាវុធទាំងអស់ប្ដេជ្ញាយ៉ាងមុតមាំ ដោយនៅតែខិតខំបន្តថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យ បានជាដាច់ខាត ដើម្បីប្រជាពលរដ្ឋបន្តរស់នៅក្នុងសុខសន្តិភាព និងភាពសម្បូរសប្បាយ ជារៀងរហូត និងមិនបណ្ដែតបណ្ដោយឲ្យជនណាម្នាក់មកបំផ្លិចបំផ្លាញនូវសុខសន្តិភាពនិងការអភិវឌ្ឍរបស់រាជរដ្ឋា ភិបាលបានឡើយ៕