(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដោយលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី «ការប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំ និងការបន្តសុពលភាពលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ» ជាមួយធនាគារ វីង (ខេមបូឌា) ម.ក តំណាងដោយ លោក Han Peng Kwang អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក នៅអគារធនាគារ វីង ថៅវើ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានរៀបចំឡើង ដើម្បីឲ្យភាគីទាំងពីរ អាចតភ្ជាប់ប្រព័ន្ធសម្រាប់ការប្រើប្រាស់ និងការផ្តល់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវា ពាក់ព័ន្ធនឹងលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ក្នុងគោលបំណង ២សំខាន់គឺ៖

* ទី១៖ ជួយសម្រួលដល់ការទូទាត់ថ្លៃសេវាស្នើសុំ និងការបន្តសុពលភាពលេខអត្តសញ្ញាណវិនិយោគិនរបស់បុគ្គលស្នើសុំទាំងក្នុងស្រុក និងបរទេស សម្រាប់ការចូលរួមវិនិយោគមូលបត្រ នៅទីផ្សារមូលបត្រកម្ពុជា
* និងទី២៖ ធ្វើបរិវត្តកម្មឌីជីថលលើលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញឲ្យកាន់តែរហ័សសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់សាធារណជន។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤, និយ័តករមូលបត្រកម្ពុជា បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៥១,៧៧១ លេខអត្តសញ្ញាណវិនិយោគិន និងមានការបើកគណនីជួញដូរសរុបចំនួន ៥៣,៧១២គណនី។ និយ័តករមូលបត្រកម្ពុជា មានគោលដៅធ្វើឌីជីថលូបនីយកម្មវិស័យមូលបត្រដើម្បីឲ្យក្រុមហ៊ុន និងវិនិយោគិនចូលរួម វិនិយោគក្នុងវិស័យមូលបត្រមានភាពងាយស្រួល លឿន និងសុវត្ថិភាព»

លោកបានបន្ថែមទៀតថា ក្នុងនេះដែរ តាមរយៈកិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យវិនិយោគិនអាចទូទាត់ថ្លៃសេវាស្នើសុំ និងបន្តសុពលភាពលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញតាមរយៈធនាគារវីង (ខេមបូឌា) ម.ក និងជាសក្ខីភាពមួយដែលបង្ហាញថា វិស័យមូលបត្រកំពុងបោះជំហានជាវិជ្ជមាន និងកំពុងទទួលបានការគាំទ្រជា ច្រើនគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោក ស៊ូ សុជាតិ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារទាំងអស់ បើកលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរមូលបត្រ។

ជាមួយគ្នានេះដែរ លោក Han Peng Kwang បានលើកឡើងថា «ការសហការនេះ ជាឱកាសដ៏សំខាន់ ដែលធនាគារវីង (ខេមបូឌា) ម.ក អាចចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រ ហើយនេះ ក៏ជាបច្ចេកវិទ្យាឌីជីថលចុងក្រោយ របស់ធនាគារ ដែលគាំទ្រសេវាកម្មទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការស្នើសុំ និងការបន្តសុពលភាពលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ»

សូមបញ្ជាក់ថា បច្ចុប្បន្នវិនិយោគិន អាចធ្វើការទូទាត់ថ្លៃសេវាស្នើសុំ និងបន្តសុពលភាពលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញតាមរយៈធនាគារ វឌ្ឍនៈ អាស៊ីចំកាត់, ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ វីង (ខេមបូឌា) ម.ក៕