(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ជា តារា ចាត់ទុកដំណើរទស្សនកិច្ចសិក្សារបស់និស្សិតនាយទាហានលើភូមិសាស្ត្រ ជាក់ស្តែងបែបនេះមានសារៈសំខាន់ណាស់ សម្រាប់ការរៀនផ្នែកទ្រឹស្តីនៅសាលា បូកនិងការចុះជាក់ស្តែង ជាពិសេសនៅព្រំដែនតំបន់ប្រាសាទព្រះវិហារនេះ ដែលយើងសម្រេចបានជោគជ័យ ទាំងវិស័យយោធា នយោបាយ ការទូតនិងផ្លូវច្បាប់តាមបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសិទ្ធស្វ័យ ការពារទឹកដី។
ក្មួយៗត្រូវចងចាំអនុវត្តបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ស្តាប់បញ្ជារបស់មេបញ្ជាការ តាមឋានានុក្រមនោះក្មួយៗនឹងឈ្នះឈាន ទៅសម្រេចភារកិច្ចរួម និងដាច់ខាតការពារដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ និងប្រជាជនយើង។
ការថ្លែងរបស់លោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនេះ នៅក្នុងបទបង្ហាញមួយទៅកាន់និស្សិតនាយទាហានពូកែ ប្រចាំឆ្នាំសិក្សា២០១៥-២០១៦ របស់វិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្មត្មាតពងប្រមាណ១៥០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទ័ពជើងគោកនាព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៦ នៅអាគារសន្តិភាព សម្តេចតេជោ ហ៊ុន សែន ៥មករា ប្រាសាទព្រះវិហារ។
លោកនាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងនូវបទពិសោធន៍នៃឆាកប្រយុទ្ធចាប់ពីព្រឹត្តិការណ៍ថ្ងៃ ៧ កក្កដា ឆ្នាំ២០០៨ ដែលប្រាសាទព្រះវិហាររបស់ខ្មែរ បានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាំដល់ការកើត ទុក្ខមិនសុខចិត្តពីភាគីសៀម ចូលលុកលុយឈ្លានពានមកលើយើងថ្ងៃ១៥ កក្កដា២០០៨ នៅវត្តកែវសិក្ខាគីរីស្វារៈ វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ និងតំបន់មួយចំនួនទៀត ប្រាសាទតាមាន់ តាក្របីនៃខេត្តឧត្តរមានជ័យ ក្នុងជំនាន់លោក អាប់ភីស៊ីត ជានាយករដ្ឋមន្ត្រីថៃ បានបង្កអោយមានការប៉ះទង្គិចជាច្រើនលើកដូចជា នៅថ្ងៃ១៥ តុលា២០០៨ ថ្ងៃ៣មេសា២០០៩ ការវាយលុកជាទ្រង់ទ្រាយធំនៅប្រាសាទព្រះវិហារ ថ្ងៃទី៤ទី៥ទី៦ទី៧ ខែកុម្ភៈ ឆ្នាំ២០១១ និងនៅប្រាសាទតាមាន់តាក្របី១២ថ្ងៃ ចាប់ពីថ្ងៃទី២២មេសាដល់ថ្ងៃទី៣ឧសភាឆ្នាំ២០១១។
នាយឧត្តមសេនីយ៍បន្តថា ទិសប្រាសាទព្រះវិហារពេលនេះ មានភាពល្អប្រសើរតាំងពីសេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ធាតុពិត ទាំងមុន និងក្រោយការប្រកាសបកស្រាយ សាលដីការបស់ ICJ យើងបានឈរជើងយ៉ាងរឹងមាំតាមចំណុចបញ្ហា ដូចជានៅតំបន់វាលឥន្ទ្រីយ៍សំបុកឃ្មុំ រួចហើយ ជាពិសេសនៅវត្តកែវសិក្ខាគីរីស្វារ:គ្មានវត្តមានទាហានសៀម ពីព្រោះយើងបានបញ្ចប់ ១០នាក់នោះ តាំងពីពេលព្រឹកម៉ោង ១០:៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០មកម្ល៉េះ ដូច្នេះកងទ័ពឈរនៅត្រង់ណា គឺនៅត្រង់ហ្នឹង ។ នៅពេលនេះកងទ័ពទាំងពីរបន្ត រក្សាស្ថានភាពឈរជើងនៅដដែល មិនបង្កភាពតានតឹង អនុវត្តតាម បទបញ្ជាសម្តេចតេជោ ដែលបានឯកភាពជាគោលការណ៍រវាងនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលទាំងពីរ (កម្ពុជា-ថៃ) ជារួមជោគជ័យដែលយើងទទួលបាននេះ ជាជ័យជំនះ បានមកពីការរួមគ្នាអនុវត្តបទបញ្ជាតែមួយ គឺ បទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងសិទ្ធិស្វ័យការពារទឹកដីនៃកម្ពុជា។
នៅទីបញ្ចប់បទបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានផ្តាំផ្ញើដល់តំណាងនិស្សិត នាយទាហានទាំងអស់ ផ្សព្វផ្សាយដល់ក្មួយៗដែលនៅតាមបណ្តាសាលា ត្រូវខិតខំបន្តការសិក្សារៀនសូត្រទាំងយុទ្ធវិធី ទាំងយុទ្ធសាស្ត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាប្រភពបន្តវេនទៅ អនាគត សម្រួចឆន្ទៈមោះមុតសម្រេចភារកិច្ចដ៏ឧតុង្គឧត្តម ពិសេសមានភក្តីភាពជានិច្ចចំពោះជាតិមាតុភូមិ៕