(ភ្នំពេញ)៖ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក Jang Yun Gon បានថ្លែងកោតសរសើរដូចនេះនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
នាឱកាសនោះដែរ លោក Jang Yun Gon ក៏បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រុំដោយ លោក គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។
លោក Jang Yun Gon បានបញ្ជាក់ទៀតថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្តលោកឯកអគ្គរដ្ឋទូត ឱ្យបន្តធ្វើការងារជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕