(ភ្នំពេញ)៖ អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការលើកឡើងថា សម្តេចនឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង។
អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖
នៅពេលថ្មីៗនេះ មានការលើកឡើងជាព័ត៌មាន និងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ដូចជា គណនីមានឈ្មោះ BongBunna Chaiheng បានសរសេរថា៖ «សម្តេចសខេងជាបេក្ខភាពនាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នា តែមួយ» និងគណនីឈ្មោះ Bunthoeun បានសរសេរថា៖ «BongBunna Chaiheng ខ្ញុំគាំទ្រ សម្តេច ក្រឡាហោម ជានាយករដ្ឋមន្ត្រី ១០០%» ជាដើម។
ចំពោះករណីខាងលើនេះ អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង សូមធ្វើការបដិសេធ និងសូមបញ្ជាក់ជម្រាបជូនសាធារណជនដូចតទៅ៖
* ១៖ សម្តេចក្រឡាហោម ស ខេង ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ។
* ២៖ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់រួចមកហើយថា៖ សម្តេច នៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្ត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយថាមពល ដើម្បីសម្រេចនូវរបៀបវារៈនយោបាយ ដែលបានដាក់ចេញ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ហើយនឹងគាំទ្រសម្រាប់អាណត្តិខាងមុខៗបន្តទៀត៕