(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអះអាងថា ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នកំពុងសម្រេចការសាងសង់សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៨៩,៥៦% មិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពុងផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើទៅដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះ ពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រលងដងអូរដ៏ស្រស់បំព្រង។

ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចំនួន៣៧ស្ថាប័នផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤, លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយសមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។ ឃុំអូរសោម ស្រុកវាលវែង ស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែម «សម្រាប់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិលេខ៥៥ តភ្ជាប់ផ្លូវជាតិលេខ៥ ទីប្រជុំជនខេត្តពោធិ៍សាត់ ទៅកាន់តំបន់ជួរភ្នំស្រុកវាលវែង រហូតដល់ព្រំដែនថៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែទៀត»

លោក ខូយ រីដា បានបន្តថា បើទោះបីផ្លូវជាតិលេខ១០ សម្រេចការសាងសង់មិនទាន់រួចរាល់១០០ភាគរយយ៉ាងណាក្តី តែបច្ចុប្បន្នតាមរយៈផ្លូវមួយខ្សែនេះ គេអាចធ្វើដំណើរទៅដល់ទឹកដីទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងនៃឃុំអូរសោម ដោយមិនលំបាកដូចមុនទៀតនោះឡើយ។ តាមគម្រោងទាំងការសាងសង់ផ្លូវ និងស្ពានខ្ពស់ជាងគេ តាមបណ្ដាក់ផ្លូវជាតិលេខ១០នេះ នឹងត្រូវរួចរាល់ក្នុងអំឡុងខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ។

ការស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ប្រវែងជាង១៩៧គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០ ដោយមានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) និងសាងសង់ស្ពានចំនួន២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកទេសចរ និងការដឹកជញ្ជូនទំនិញភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនភាគខាងលិចប្រទេសកម្ពុជា និងប៉ូលសេដ្ឋកិច្ចនានា។

គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ប្រវែងសរុបផ្លូវសរុប នៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គម្រោងសាងសង់ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលបន្ថែមខ្ទង់ចំណាយ ៥៧លានដុល្លារទៀត លើគម្រោងចាស់ដែលមានចំនួន១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការពុះកាត់ភ្នំក្រវាញជាពីរផ្នែក ដែលធ្វើឱ្យខូចខាតប្រព័ន្ធបរិស្ថាន និងទីជម្រករបស់ពពួកសត្វព្រៃ ខណៈបច្ចុប្បន្នព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានទាញយកចំណូលពីការលក់ឥណទានកាបូន។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុងនេះ នឹងជួយសម្រួលបានច្រើនក្នុងជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញទៀតនោះទេ។

ផ្លូវគឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ៕