(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤នេះ ។
កិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី ធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Retno L.P. Marsudi រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជាសហប្រធាននៃកិច្ចប្រជុំនេះ។
កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំ JCBC លើកទី៤ នៅរដ្ឋធានីហ្សារកាតា និងកំណត់ទិសដៅអនាគត ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងពិភាក្សាស៊ីជម្រៅអំពីគោលដៅក្នុងការធ្វើឱ្យកាន់តែទូលំទូលាយបន្ថែមទៀត នូវទំនាក់ទំនងដែលកំពុងរីកចម្រើនលើគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ សុខាភិបាល ការងារ បរិស្ថាន ដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ និងសហប្រតិបត្តិការ នយោបាយ-សន្តិសុខ។ ការវិវឌ្ឍក្នុងតំបន់ និងបញ្ហាអន្តរជាតិដែលជាកង្វល់ និងជាផលប្រយោជន៍ រួម ក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំផងដែរ។
គួរកត់សម្គាល់ថា កិច្ចប្រជុំ JCBC លើកទី៥នេះ ធ្វើឡើងស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកស្រី Retno L.P. Marsudi គ្រោងនឹងចូលជួបសម្តែង ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕