(សៀមរាប)៖ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវថវិកា៥លានរៀល, អង្ករ៥០គីឡូក្រាម, ទឹកដោះគោ២កេសធំ, ស្កសរ៥គីឡូក្រាម, សារុង២ និងក្រម៉ា២។
អំណោយនេះ ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នាំយកទៅប្រគល់ជូនដោយផ្ទាល់ដល់ដៃក្រុមគ្រួសារ ដែលកំពុងសម្រាកក្រោយសម្រាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។
ទារកភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកដំបូងមានឪពុកឈ្មោះ គួង វ័រ អាយុ៤១ឆ្នាំ និងម្តាយឈ្មោះ ព្រឹង ចាន់នី អាយុ២០ឆ្នាំ អ្នកទាំងពីរមុខរបរកសិករ រស់នៅភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ទារកភ្លោះទាំងបីនាក់នេះ បានកើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប មានស្រី២នាក់ ប្រុសម្នាក់។
នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៤១៨គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោក សេង ទៀង បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់។ លោកបានណែនាំដល់មាតាបិតាកូនភ្លោះ ត្រូវបន្តតាមដានសុខភាពរបស់ទារកភ្លោះឲ្យបានដិតដល់ ប្រសិនមានអ្វីកើតឡើង សូមជំរាបជូនដំណឹងទៅកាន់ក្រុមគ្រួពេទ្យប្រចាំការ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ទារក។
តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឲ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាលដល់ការលំបាកក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គម៕