(រតនគិរី)៖ ការវិនិយោគចម្ការកៅស៊ូនៅខេត្តរតនគិរី បានរួមចំណែកលើកកម្ពស់ជីវភាពជនជាតិដើមភាគតិចកាន់តែប្រសើរឡើង ដោយបានផ្ដល់ការងារ និងប្រាក់ចំណូលយ៉ាងតិច៣០០ដុល្លារជាប្រចាំខែជូនដល់ពួកគាត់ ពិសេសគឺបានផ្ដល់នូវការផ្គត់ផ្គង់ ឱ្យកូនចៅបានសិក្សារៀនសូត្រ ដើម្បីបន្តអនាគតដ៏យូរអង្វែង។
ក្នុងពេលបន្តបេសកកម្មបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនោះ ក្រុមការងារ Fresh News ក៏បានជួបសម្ភាសន៍ជាមួយពលរដ្ឋជនជាតិដើមភាគតិចព្រៅមួយចំនួនតំណាងដោយអ្នកនាង កេស ណាងនីត ដែលជាកម្មករក្នុងក្រុមហ៊ុនក្រុងប៊ុកអភិវឌ្ឍន៍ចម្ការកៅស៊ូ ស្ថិតនៅស្រុកតាវែង ខេត្តរតនគិរី។
អ្នកនាង កេស ណាងនីត បានឱ្យដឹងថា ពីដើមឡើយ ប្រជាពលរដ្ឋជនជាតិដើមនៅតំបន់នោះតែងប្រកបរបរធ្វើស្រែ ចិញ្ចឹមសត្វ ដាំដំណាំ រកអនុផលព្រៃឈើបានបន្តិចបន្តួច ដែលទទួលបានប្រាក់ចំណូលគ្រាន់តែសម្រាប់រស់នៅប្រចាំថ្ងៃប៉ុណ្ណោះ មិនសូវសល់ប្រាក់នោះឡើយ ហើយក៏មិនសូវមានសម្ភារប្រើប្រាស់ទំនើបៗដូចអ្នកនៅទីប្រជុំជននោះដែរ។
អ្នកនាង កេស ណាងនីត បានបន្តថា នៅពេលមានក្រុមហ៊ុនក្រុងប៊ុកអភិវឌ្ឍន៍ចម្ការកៅស៊ូមកវិនិយោគតាំងពីឆ្នាំ២០១០មកនោះ ក៏បានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋជនជាតិដើមបានជាបន្តបន្ទាប់ ក្នុងនោះអ្នកនាង កេស ណាងនីត និងស្វាមី ក៏បានចូលធ្វើការនឹងគេបាន៣ឆ្នាំមកហើយ ជាមួយនឹងការទទួលបានប្រាក់ខែ៣០០ដុល្លារក្នុងមួយខែ ខណៈស្វាមីរបស់អ្នកនាងបាន៣៥០ដុល្លារក្នុងមួយខែ។
អ្នកនាងបញ្ជាក់ថា ជីវភាពគ្រួសាររបស់អ្នកនាងក៏មានភាពល្អប្រសើរបន្តិចម្ដងៗ ចាប់តាំងពីការងារធ្វើនិងប្រាក់ចំណូលទៀងទាត់មក ក្នុងនោះគ្រួសារអ្នកនាងបានទិញម៉ូតូជិះនឹងគេ ហើយសល់ប្រាក់ទុកដាក់បានខ្លះគ្រាន់សម្រាប់ចិញ្ចឹមនិងផ្គត់ផ្គង់ការសិក្សាកូន ជូនកាលក៏បានដើរលេងកម្សាន្តនៅទីរួមខេត្តរតនគិរីខ្លះដែរ។ និយាយរួម ជីវភាពរស់នៅគ្រួសារអ្នកនាង គឺមានភាពល្អប្រសើរជាងមុនបានច្រើន។
អ្នកនាង កេស ណាងនីត និងជនជាតិដើមភាគតិចដទៃទៀត ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលមានការងារធ្វើ មានប្រាក់ចំណូលប្រចាំខែបែបនេះ ហើយពិតជាចង់បានការវិនិយោគនិងការងារបន្តទៅមុខទៀត មិនចង់ឱ្យអ្នកមករារាំង បង្អាក់ដំណើរការអភិវឌ្ឍក្នុងតំបន់របស់ប្រជាពលរដ្ឋជនជាតិភាគតិច ឬក៏បង្កអស្ថិរភាពសង្គមដែលនាំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។
ក្រៅពីប្រកបការងារក្នុងរោងចក្រចម្ការកៅស៊ូ គ្រួសារអ្នកនាង កេស ណាងនីត ក៏មានចម្ការស្វាយចន្ទីផ្ទាល់ខ្លួនផងដែរ ដែលកំពុងលូតលាស់ល្អ និងបានប្រមូលផលខ្លះៗហើយ ដែលនេះជាមុខរបរបន្ទាប់បន្សំតាមរដូវរបស់គ្រួសារអ្នកនាង។
ពលរដ្ឋជនជាតិដើមភាគតិចព្រៅរូបនេះ មានបំណងចង់ឱ្យកូនៗបានសិក្សារៀនសូត្រដល់ថ្នាក់ឧត្តមសិក្សាដូចគេដូចឯង ដោយប្រឹងធ្វើការជាមួយក្រុមហ៊ុនដើម្បីបានឱ្យកូនរៀនដល់គោលដៅ ហេតុតែចង់ឱ្យកូនៗមានចំណេះដឹង មានការងារធ្វើល្អ ព្រមទាំងជួយចូលរួមអភិវឌ្ឍមូលដ្ឋានសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។
សូមជម្រាបថា ក្រុមហ៊ុនក្រុងប៊ុកអភិវឌ្ឍន៍ចម្ការកៅស៊ូខាងលើនេះ មានកម្មករសរុបប្រមាណជិត១០០០នាក់ ដោយភាគច្រើនជាជនជាតិខ្មែរ និងជនជាតិដើមភាគតិចប្រមាណ៣០០នាក់ ខណៈជនជាតិវៀតណាមមានតែ៥០-៦០នាក់ប៉ុណ្ណោះសម្រាប់ការងារបច្ចេកទេស៕