(ពោធិ៍សាត់)៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរណ៍ បង្កឡើងដោយរថយន្តទីកូមួយគ្រឿង បានបើកទៅបុកនឹងរថយន្ត Lexus 470 របស់សមាជិកគណៈកម្មការទី៧ នៃព្រឹទ្ធសភាព បណ្តាលឲ្យកៀបជាប់រថយន្ត។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៦៨ និង១៦៩ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះថា សាកសពជនរងគ្រោះ ដែលកៀបជាប់រថយន្តទីកូ ត្រូវបានគេស្គាល់ឈ្មោះថា ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តទីកូមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-3974 បើកបរក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម (ស្លាប់) លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលទ្រូងផ្លូវខាងត្បូង ក៏ជ្រុលទៅបុកជាមួយរថយន្ត Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រឹទ្ធសភា 2-046 ក្នុងទិសដៅបញ្ច្រាស់ទិសគ្មា ពីលិចទៅកើត បើកបរដោយឈ្មោះ យឹម ឃុនឃឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកព្រឹទ្ធសភា ក្នុងគណៈកម្មការទី៧ (របួសស្រាល) រួមដំណើរជាមួយមនុស្ស៣នាក់ ១-ជា ស៊ីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ២-ហុង នឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និង៣-កែវ ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទាំង៤នាក់ខាងលើមានទីលំនៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត ត្រូវបានកម្លាំងនគរបាលមូលដ្ឋានស្ទូច ទៅរក្សាទុកនៅអធិការស្រុកក្រគរ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕