(ភ្នំពេញ)៖ ព្រះធម្មវនវាសី ចន្ទ មុនី ចៅអធិការវត្តវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកពន្យល់ប្រជាពលរដ្ឋខ្មែរ ឱ្យជឿជាក់លើមេដឹកនាំ និងរាជរដ្ឋាភិបាលរបស់ខ្លួន ដោយព្រះអង្គមានសង្ឃដីកាថា កាលណាខ្មែរជឿជាក់លើមេដឹកនាំរបស់ខ្លួន ប្រកបដោយមនសិការជាតិ ស្តាប់រកហេតុផលឱ្យបានត្រឹមត្រូវនោះ គឺជាពេលដែលខ្មែរថ្កើងថ្កាន។
ព្រះអង្គបានមានសង្ឃដីការំលឹកអំពីប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលនាំឱ្យជាតិធ្លាក់ដុនដាប់ ដោយសារតែជម្លោះរវាងប្រជាពលរដ្ឋ និងមេដឹកនាំ។ ព្រះអង្គមានសង្ឃដីកាថា ការស្នេហាជាតិ មិនខុសទេ ប៉ុន្តែអ្វីដែលខុស គឺមិនជឿជាក់លើរាជរដ្ឋាភិបាល។ កាលណាខ្មែរឈ្លោះគ្នា ផលចំណេញសុទ្ធតែធ្លាក់ទៅលើប្រទេសជិតខាងទាំងអស់។ កាលណាខ្មែរជឿជាក់លើមេដឹកនាំរបស់ខ្លួន ប្រកបដោយមនសិការជាតិ ស្តាប់រកហេតុផលឱ្យបានត្រឹមត្រូវនោះ គឺជាពេលដែលខ្មែរថ្កើងថ្កាន។
ច្រើនទសវត្សមកហើយ ដែលខ្មែរមិនស្តាប់គ្នាហើយឈ្លោះប្រកែកគ្នារវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានបង្កើតមានជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ រហូតដល់ខ្មែរនិយាយស្តាប់ខ្មែរលែងបាន។
ពាក់ព័ន្ធនឹងការគ្រោងធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ឯនោះវិញ ព្រះអង្គមានសង្ឃដីកាថា ការធ្វើកុបកម្ម ឬបាតុកម្ម មិនមែនជាផ្លូវដោះស្រាយល្អនោះឡើយ ហើយទង្វើនេះរឹតតែរុញខ្លួនឯង ក៏ដូចជាបងប្អូនសាច់ឈាមរបស់ខ្លួនឯង ចុះខ្សោយទៅវិញទេ។
សូមទស្សនជនស្តាប់សង្ឃដីការបស់ ព្រះធម្មវនវាសី ចន្ទ មុនី ដូចតទៅ៖