(ស្ទឹងត្រែង)៖ បន្ទាប់ពីទទួលបានរបាយការណ៍មានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងមានសំណើពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង, នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកស្រី សន សុខា ប្រធានស្តីទី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៤២គ្រួសារ ក្នុងទីតាំងចំនួន ៣ផ្សេងគ្នា ដែលមាន៣ទីតាំង។
ពិធីចុះផ្ដល់អំណោយនៅទីតាំងទី១ ក្នុងបរិវេណវត្តសោភ័ណ្ឌរង្សី មកពីឃុំចំការលើ ៦២គ្រួសារ និងឃុំអន្លង់ភេ ៣៤គ្រួសារ, ទីតាំងទី២ នៅក្នុងបរិវេណប្រាសាទព្រះគោ មកពីឃុំថាឡាបរិវ៉ាត់ ៧១គ្រួសារ និងឃុំស្រែឫស្សី ៧៦គ្រួសារ និងទីតាំងទី៣ នៅបរិវេណសាលាបឋមសិក្សាកាំងចាម មកពីឃុំកាំងចាម ៥២គ្រួសារ និងឃុំអូររៃ ៤៧គ្រួសារ។
ក្នុងឱកាសនោះ លោក យូ ឡាណា អគ្គលេខាធិការរងទី២ មានថ្លែងថា «កាកបាទក្រហមកម្ពុជា មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជានុរាស្ត្រនិងប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានយកចិត្តទុក្ខដាក់ខ្ពស់នូវជំងឺមិនឆ្លងធំៗចំនួន៤គឺ ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបណ្តាលមកពីការបរិភោគមិនបានត្រឹមត្រូវ មិនធ្វើលំហាត់ប្រាណ ជាពិសេសភេសជ្ជៈដែលមានជាតិផ្អែម និងសូមឪពុកម្តាយត្រូវនាំកូនស្រី ដែលមានអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំងការពារមហារីមាត់ស្បូនឱ្យបានគ្រប់ៗគ្នា និងឥតគិតថ្លៃ»។
លោក យូ ឡាណា បានបន្តទៀតថា បើតាមការសាកសួរប្រជាពលរដ្ឋ នៅក្នុងតំបន់នេះគឺមានអូរច្រើន ហើយនៅក្នុងរដូវស្សាតែងតែមានជំនន់ទឹកភ្លៀង អាចកើតឡើង២ឬ៣ដងក្នុងមួយថ្ងៃ ដូច្នេះសូមឱ្យមានប្រុងប្រយ័ត្នជាពិសេសចាស់ជរានិងក្មេងតូចៗដែលប្រឈមខ្ពស់ការលង់ទឹកបណ្តាលឱ្យបាត់បងជីវិតបាន ហើយបច្ចុប្បន្ននេះបញ្ហាប្រឈមធំបំផុតរបស់ពិភពលោក គឺការប្រែប្រួលអាកាសធាតុ យើងអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន យើងទាំងអស់គ្នាត្រូវចូលរួមដាំដើមឈើ និងសូមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកជាផ្នែកមួយក្នុងការបំពុលបរិស្ថាន និងសុខភាពបងប្អូនផងដែរ ហើយប្លាស្ទិកនេះអាចរលាយដោយខ្លួងឯងមានរយៈពេលពី៣០០ទៅ៤០០ឆ្នាំ។
ជាមួយគ្នានោះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជនគ្រប់ពេលវេលា និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមជួបនូវតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២០,០០០រៀល។
ឆ្លៀតក្នុងឱកាសនេះដែរ លោក យូ ឡាណា និងក្រុមការងារបានចុះសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរាចំនួន ៣គ្រួសារ ដែលមិនអាចមកទទួលអំណោយនៅកន្លែងផ្តល់អំណោយបាន។
សូមបញ្ជាក់ថា ក្រៅពីផ្ដល់អំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ សរុប ៣៤២គ្រួសារនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចផ្តល់អំណោយមនុស្សធម៌ ១០៨គ្រួសារទៀតជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីទុកឆ្លើយតបបន្ទាន់ពេលមានតម្រូវការផងដែរ៕