(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងរៀបចំប្រារព្ធ «ទិវាជាតិអន្តរ សាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
«ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤» នេះនឹងត្រូវប្រារព្ធឡើង ក្រោមអធិបតីភាពលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មេដឹកនាំសាសនា និង សាសនិកនៃ និកាយសាសនាធំៗទាំងបួន មន្ត្រីរាជការ យុវជន យុវនារី កងកម្លាំងគ្រប់ប្រភេទ និងអង្គការដៃគូជាតិ អន្តរជាតិ មានចំនួនសរុបប្រមាណ ២៥០០អង្គ/នាក់។
គោលបំណងសំខាន់ៗ នៃការប្រារព្ធទិវាជាតិអន្តរសាសនាលើកនេះគឺដើម្បី៖
*ទី១៖ បញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ទាំងនៅក្នុងប្រទេសកម្ពុជា កម្រិតតំបន់ និងកម្រិតអន្តរជាតិ។
*ទី២៖ បង្ហាញពីសុខដុមនីយកម្ម និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយពីសំណាក់មេដឹកនាំ និងសាសនិក នៃសាសនា នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទសង្គមប្រកបដោយសុខសន្តិភាព ចូលរួមអនុវត្តសកម្មភាពដើម្បីសម្រេចគោល បំណងរួម គឺបង្ការទប់ស្កាត់សំដៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់។
*ទី៣៖ បង្ហាញពីតួនាទីសំខាន់របស់សាសនា និងជំហរក្នុងការបន្តចូលរួម ពីសំណាក់មេដឹកនាំ និងសាសនិកពីគ្រប់ និកាយសាសនា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕