(ពោធិ៍សាត់)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានទទួលសំណុំរឿង ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ ដោយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើគណនី ហ្វេសប៊ុកឈ្មោះ ពូ សីហា ដែលប្រើប្រាស់ដោយជនសង្ស័យឈ្មោះ យស គីមសីហា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការបង្ហោះ ស៊ែរចែករំលែក រូបភាព វីដេអូ ភ្ជាប់ជាការសរសេរសំណេរ រិះគន់ដល់រាជរដ្ឋាភិបាល និងញុះញង់ឲ្យចូលរួមធ្វើបាតុកម្មដើម្បីផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជន សង្ស័យខាងលើ រួមទាំងដកហូតបាននូវទូរស័ព្ទដៃ ម៉ាក Iphone 12 promax ចំនួន០១គ្រឿង រួចបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។
បន្ទាប់ពីទទួលបានសំណុំរឿង ពិនិត្យភស្តុតាង និងធ្វើការសាកសួរចម្លើយជនសង្ស័យតាមនីតិវិធីរួច តំណាងអយ្យការបានសម្រេច ធ្វើការចោទប្រកាន់លើជនសង្ស័យខាងលើ ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ២៦៨៦ អ.ក/២៤ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕