(ពោធិ៍សាត់)៖ ជនមានពិការភាពដៃជើងដ៏កំសត់ម្នាក់ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ពេលទទួលបានការយកចិត្តទុក្ខ និងអំណោយជាម៉ូតូកង់បី១គ្រឿង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក វ៉ាន់ ហ៊ាង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយក្តីអាណិតអាសូរ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោក និងសហការី ចុះមកសួរសុខទុក្ខ និងនាំយកម៉ូតូកង់បី១គ្រឿង ដោយប្រើថាមពលអគ្គិសនី ជូនដល់លោក ជា ញ៉ក់ អាយុ៤០ ឆ្នាំ ជាជនពិការរស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ជាកិច្ចឆ្លើយតប លោក ជា ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានក្តីមេត្តា ករុណា អាណិតស្រឡាញ់ចំពោះប្រជាជនជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសនាពេលនេះ អ្នកម្តាយមនុស្សធម៌ បានបំពេញក្តីបំណង គឺបានឧបត្ថម្ភម៉ូតូកង់បី១គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ៕