(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជាសក្ខីភាពបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត ពីការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ លើការពង្រឹង ពង្រីក និងលើកកម្ពស់វិស័យការងារនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ប្រកបដោយសូចនាករកម្រិតយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាល និងគាំពារធនធានមនុស្សលើគ្រប់មុខជំនាញវិជ្ជាជីវៈ ដែលដើរតួនាទីជាផលិតករដ៏មានសក្តានុពលក្នុងចរន្តសេដ្ឋកិច្ចជាតិ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងឲ្យដឹងថា ក្នុងនាមជាប្រធានសមាគម ពិតជាមានមោទកភាពក្រៃលែង ដែលមានឱកាសដឹកនាំចលនាសិល្បៈចូលរួមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ និងបន្តទៅមុខទៀត។ តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា អមដោយការចុះអនុវត្តន៍ជាក់ស្តែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាបានបង្ហាញឱ្យឃើញយ៉ាងប្រក្យត្សពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧នេះ សម្រេចឱ្យបានផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដើម្បីពង្រឹងជំនាញបច្ចេកទេស វិជ្ជាជីវៈ និងបង្កើនផលិតភាពការងារឱ្យមានភាពបត់បែនខ្ពស់ ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សាររួមទាំងការបង្កើន ការគ្របដណ្តប់របបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកបេឡាសន្តិសុខសង្គម។ ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ ក៏នឹងធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពនៃការប្រមូលផ្តុំសិទ្ធិរបស់កម្មករនិយោជិត និងធានាសុខុមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនៈវិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ ។
លោកជំទាវអ្នកឧកញ៉ាបានគូសបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយជាដើម។ ឈរលើគោលនយោបាយដ៏ប្រាកដនិយម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥០០,០០០នាក់ ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករ និយោជិតមានឱកាសសិក្សាបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញកាន់តែមានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីជាកម្លាំងស្រូបទាញវិនិយោគិនបរទេស មកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត»។
លោកជំទាវអ្នកឧកញ៉ា បន្តថា ជាការពិត សិល្បៈ គឺជាកាតាលីករជំរុញការផ្សព្វផ្សាយឱ្យកាន់តែមានភាពជឿជាក់ ងាយយល់ និងស្តាប់បាន។ សិល្បៈ គឺជាអាវុធដ៏មុតស្រួច អាចចាក់ទម្លុះដល់ក្រអៅបេះដូងអ្នកស្តាប់ និងអ្នកទស្សនា ទោះស្ថិតនៅក្នុងទម្រង់និន្នាការណាក៏ដោយ។ ក្នុងន័យនេះ សិល្បករ-សិល្បការិនី ពិតជាបុគ្គលដ៏មានឥទ្ធិពល រួមចំណែកដល់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះការចុះអនុស្សរណៈយោគយល់គ្នា រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សមាគមសិល្បករខ្មែរនាពេលនេះ ជាការបោះជំហ៊ានរួមគ្នាក្នុងស្មារតីតែមួយ គឺផលប្រយោជន៍វិស័យការងារនៅកម្ពុជា។
ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាងនាមលោកជំទាវអ្នកឧកញ៉ាជាប្រធានសមាគមសិល្បករខ្មែរ សូមធ្វើការប្តេជ្ញាចិត្តដឹកនាំចលនាសិល្បករ ប្រកបដោយការទទួលខុសត្រូវដូចខាងក្រោម៖
ទី១, ដឹកនាំសិល្បករសិល្បការិនី សហការ និងចូលរួមសកម្មភាពនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចែករំលែកបទពិសោធតាមការអញ្ជើញរបស់ក្រសួង។
ទី២, ជំរុញសមាជិក និងក្រុមគ្រួសារសមាជិករបស់សមាគមសិល្បករខ្មែរ បន្តការសិក្សា កសាងសមត្ថភាពជំនាញ និងបច្ចេកទេស ដើម្បីបង្កើននូវឱកាសការងារឱ្យមានភាពប្រសើរឡើង។
ទី៣, ពន្យល់ និងផ្សព្វផ្សាយដល់សមាជិក និងភាគីពាក់ព័ន្ធក្នុងបណ្តាញរបស់ខ្លួន សំដៅលើកកម្ពស់ការយល់ដឹងសាធារណជន ស្តីពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានជាអាទិ៍ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម ជាដើម។
ទី៤, ដឹកនាំសិល្បករ-សិល្បការិនី ផ្សព្វផ្សាយគោលនយោបាយសំខាន់ៗ របស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារនៅកម្ពុជា។
ទី៥, សហការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ឬការជួបជុំធំៗ នៅក្នុង និងក្រៅប្រទេស ដើម្បីផ្តល់ភាពសប្បាយរីករាយជូនកម្មករ និយោជិក ពលករ និងទេសន្តរប្រវេសករ នៅក្នុងឱកាសបុណ្យជាតិ ឬកម្មវិធីពិសេសរបស់ក្រសួង និងរាជរដ្ឋាភិបាល។
លោកជំទាវអ្នកឧកញ៉ា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់សិល្បករ-សិល្បការិនី ក្នុងសមាគមសិល្បករខ្មែរ បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា តាមនាមឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ ដែលបានជំនឿទុកចិត្ត រហូតឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ដើម្បីជួយផ្សព្វផ្សាយនូវអ្វីដែលជាសកម្មភាពរបស់ក្រសួង ពាក់ព័ន្ធលើកការកម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង សិល្បករ-សិល្បការិនី និងកូនចៅរបស់សិល្បករ-សិល្បការិនីផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា តាមការពិតទៅកន្លងមក លោកពិតជាចង់យកឱកាសនេះ ដើម្បីបានជួបជាមួយសិល្បករ-សិល្បការិនី ជាពិសេសរៀមច្បងអ្នកសិល្បៈដែលបានចូលរួមក្នុងវិស័យនេះ ហើយតាំងនាមរូបលោកផ្ទាល់តាំងពីតូចមក តែងតែបានរំសាយអារម្មណ៍ បានដក់ជាប់នូវអារម្មណ៍ ចាក់ទម្លុះបេះដូង ចេញពីការសម្ដែង និងការបង្ហាញរបស់សិល្បករ-សិល្បការិនីរបស់យើង ហើយធ្វើឲ្យលោកចងចាំ។ ទោះបីនោះជាការសម្ដែង ប៉ុន្តែបានបង្កប់នូវពាក្យពេចន៍មានតម្លៃ ពាក្យពេចន៍អប់រំដែលយើងអាចយកទៅផ្សព្វផ្សាយបាន។
លោករដ្ឋមន្ត្រីក៏បានជម្រុញឲ្យសិល្បករ-សិល្បការិនី ជាពិសេសសិល្បករ-សិល្បការិនីចាស់ៗធ្វើបណ្ណបេឡាជាតិរបបសន្តិសុខសង្គមឲ្យបានគ្រប់ៗគ្នា ហើយក្រសួងនឹងធ្វើការសម្របសម្រួលជូន ដើម្បីបានទទួលនូវសេវាកម្មព្យាបាល និងការថែទាំនៅតាមមន្ទីរពេទ្យនានាដោយភាពកក់ក្ដៅ ខណៈដែលសិល្បករ-សិល្បការិនីវ័យជរា ត្រូវទទួលបានការយកចិត្តទុក្ខដាក់ ដើម្បីជាការតបស្នង និងដល់វ័យមួយដែលត្រូវមើលថែផងដែរ៕