(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់តំណាងឱ្យបក្សប្រឆាំងទៅចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំ CLV ក្នុងក្របខណ្ឌសភានៅប្រទេសឡាវ បានអះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺកម្ពុជាមិនបានកាត់ទឹកដី ទៅឱ្យប្រទេសដទៃ ដូចដែលមេដឹកនាំឧទ្ទាមក្រៅប្រទេសចោទប្រកាន់នោះទេ។
លោក គង់ បូរ៉ា បានបញ្ជាក់ដូចនេះ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋសភា បកស្រាយអំពីការចូលកិច្ចប្រជុំ CLV របស់ក្រុមប្រឆាំង។
លោក គង់ បូរ៉ា បានបញ្ជាក់ថា លោកជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសាក្សីដែលបានទៅចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម នៅប្រទេសឡាវជាមួយ សម្តេច ហ៊ុន ណេង ដែលពេលនោះជាប្រធានគណៈប្រតិភូ ហើយលោកក៏ជាតំណាងបក្សប្រឆាំងតែមួយរូបគត់ ដែលបានទៅដល់ និងជជែកការងារ និងបានស្តាប់ដោយយកចិត្តទុកដាក់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម។
ទាក់ទងនឹងកិច្ចប្រជុំនៅប្រទេសឡាវកាលនោះ លោក គង់ បូរ៉ា បានបញ្ជាក់ដូចនេះថា «ខ្ញុំសូមបញ្ជាក់ថា តំបន់អភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ វៀតណាម នេះ គឺមិនមានការកាត់ខេត្តណាមួយទៅខាងភាគីណាមួយនោះទេ ជាពិសេសវៀតណាម គឺមិនដូចនឹងការធ្វើឱ្យមានភាពចលចលតាមសារព័ត៌មាន ដូចមេដឹកនាំគណបក្សប្រឆាំង ជាពិសេសមេដឹកនាំឧទ្ទាមក្រៅប្រទេសដែលមាន សម រង្ស៉ី ជាមេដឹកនាំក្បត់ជាតិ៣ជំនាន់នោះ ដែលតែងតែរវើរវាយចេះតែបង្កឱ្យអ្នកគាំទ្រ ធ្វើការទាមទារតាមខ្លួននោះទេ»។
លោក គង់ បូរ៉ា បានបន្ថែមថា ទង្វើរបស់មេដឹកនាំក្បត់ជាតិ ៣ជំនាន់ ដែលបានអំពាវនាវឱ្យអ្នកគាំទ្រខ្លួនទាមទារទាក់ទងនឹងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម នេះ គឺគ្រាន់តែចង់ឈ្នះលើគណបក្សប្រជាជនកម្ពុជា និងចង់ឈ្នះលើគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។
លោក គង់ បូរ៉ា បានបន្ថែមថា លោកជាអ្នកបានចូលរួមនៅក្នុងកិច្ចប្រជុំនេះដោយផ្ទាល់ និងជាសាក្សីរស់ លោកគឺជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់លើកិច្ចកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម ដែលកិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក មិនមានការកាត់ខេត្តទៅខាងភាគីណាមួយនោះឡើយ។
សូមបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ជាគំនិតផ្តួចផ្តើមដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ហើយគំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។
បើយោងតាមការបញ្ជាក់របស់សម្ដេចតេជោ នៅអំឡុងពេលសតវត្សទី២០ ឆ្លងចូលសតវត្សទី២១ តំបន់ភាគឦសានរបស់កម្ពុជា ពិសេសខេត្តមណ្ឌលគិរី និងរតនគិរី នៅខ្ចីផ្លូវរបស់វៀតណាមប្រើប្រាស់នៅឡើយទេ ខណៈផ្លូវភាគច្រើនជាផ្លូវដី ដូច្នេះធ្វើឱ្យអាជីវករមួយចំនួនត្រូវធ្វើដំណើរចេញពីខេត្តទាំងនេះរបស់កម្ពុជាឆ្លងទៅខាងវៀតណាម ហើយបានចូលមកកម្ពុជាវិញតាមខេត្តស្វាយរៀង ឬតាមខេត្តកំពង់ចាម។
ដូច្នេះស្ថានទាំងនេះគឺបានលេចឡើងនូវភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការនៅតំបន់នោះ។
ទោះជាយ៉ាងគំនិតបង្កើតឱ្យមានតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ មិនមែនជាការកាត់ទឹកដីឱ្យអ្នកណានោះឡើយ ប្រទេសនីមួយៗត្រូវពង្រឹងការការពារព្រំដែនរបស់ខ្លួន និងត្រូវមានកិច្ចសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ច ទេសចរណ៍ ពីព្រោះមកដល់ពេលបច្ចុប្បន្ន ផ្លូវគមនាគមន៍របស់កម្ពុជា ឡាវ និងវៀតណាម គឺមានល្អប្រសើររៀងខ្លួន៕