(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានបង្ហាញការសោកស្តាយថា ដោយសារនយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំង ធ្វើឱ្យកូរ៉េខាងត្បូង មិនពេញចិត្តចំពោះការងាររបស់ពលករខ្មែរ ដែលវាជារឿងគួរឱ្យសោកស្តាយណាស់ ហើយជាការបំផ្លាញប្រយោជន៍ពលករខ្មែររាប់ម៉ឺននាក់ ដែលពួកគាត់មិនបានដឹងអ្វីទាល់តែសោះ។
ការបង្ហាញការសោកស្តាយបែបនេះរបស់លោក ឈាង វុន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន បកស្រាយអំពីការចូលរួមប្រជុំ ស្តីអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) របស់តំណាងរាស្ត្របក្សប្រឆាំង នាពេលកន្លងទៅ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ឈាង វុន បានបង្ហាញការសោកស្តាយយ៉ាងដូច្នេះថា៖ «នៅកូរ៉េ ប៉ុន្មានថ្ងៃមកនេះ ខ្ញុំពិបាកចិត្តមែនទែន មិននឹកស្មានថាប្អូនៗ ក្មួយៗ មួយចំនួនតូច ទៅធ្វើឱ្យម្ចាស់ផ្ទះគេមិនសប្បាយចិត្ត មិត្តភក្តិខ្ញុំនៅកូរ៉េ ខាងត្បូង ជាថ្នាក់ដឹកនាំគាត់ទូរស័ព្ទមកខ្ញុំថា "ឯកឧត្តមានចាំទេ កាលពីឆ្នាំ២០១២ ពលករខ្មែរល្អ ឪពុកល្អប្រពន្ធល្អ ជាពលករខំធ្វើការ ក្រោយមកមានការផ្លាស់ប្តូរច្រើនដោយសារសកម្មភាពនយោបាយខ្មៅកង្វក់ របស់គណបក្សប្រឆាំង យើងមានការសោកស្តាយមែនទែន"...!»។
ក្នុងឱកាសនោះដែរ លោក ឈាង វុន ក៏បានឱ្យដឹងថា បន្ទាប់ពីក្រុមពលករខ្មែរមួយចំនួនតូចនាំគ្នាធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា បង្កភាពរញ៉េរញ៉ៃនៅប្រទេសកូរ៉េ ប៉ុន្មានថ្ងៃនេះ ក៏មានថ្នាក់ដឹកនាំកូរ៉េម្នាក់ បានបង្ហាញការសោកស្តាយចំពោះទង្វើមិនល្អរបស់ពលករខ្មែរ ដោយរំលឹកពីការជួបគ្នារវាងលោកក្រោយបញ្ចប់បេសកកម្មជាឯកអគ្គរាជទូតនៅកូរ៉េខាងត្បូង ហើយកំឡុងឆ្នាំ២០១៣ លោកបានដឹកនាំក្រុមការងាររដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅកូរ៉េ ដោយដំណាក់កាលនោះប្រធានរដ្ឋសភាកូរ៉េ បានកោតសសើរដល់ពលករខ្មែរ ដែលបានខិតខំធ្វើការងារបានយ៉ាងល្អ។
លោក ឈាង វុន បានបញ្ជាក់ថា ព័ត៌មានចុងក្រោយនេះ ភាគីកូរ៉េ បង្ហាញការមិនសប្បាយចិត្តចំពោះទង្វើរបស់ពលករខ្មែរ ចំពោះនេះនឹងបង្កការរំខានសម្រាប់ពលករខ្មែរផ្សេងទៀតដែលមានបំណងទៅធ្វើការនៅកូរ៉េ។ ចំណុចនេះ ត្រូវបានលោក ឈាង វុន ថាពលករខ្មែរមួយចំនួនតូចដែលជឿតាមការញុះញង់របស់ក្រុមប្រឆាំង បានវ៉ៃឆ្នាំងបាយល្អឯងចោល និងបង្កផលប៉ះពាល់ផលពលករផ្សេងៗទៀតដែលមិនដឹងខ្លួនជាដើម។
ជុំវិញការបង្កភាពរញ៉េរញ៉ៃរបស់ពលករខ្មែរមួយចំនួនក្នុងចំណោមរាប់ម៉ឺននាក់ កំពុងធ្វើការងារស្របច្បាប់នៅកូរ៉េ, ត្រូវបានលោក ឈាង វុន បង្ហើបឱ្យដឹងថា លោកនឹងសុំជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដើម្បីពន្យល់ឯកអគ្គរដ្ឋទូត ឱ្យបានយល់ច្បាស់ថា ការបង្កភាពរញ៉េរញ៉ៃប៉ុន្មានថ្ងៃនេះ មិនមែនជាកំហុសរបស់បងប្អូនពលករខ្មែរកំពុងបំពេញការងារទាំងអស់គ្នានោះទេ អ្នកដែលបង្កភាពអាណាធិបតេយ្យនេះគឺមានចំនួនតិចតួចប៉ុណ្ណោះ។
បន្ថែមពីនេះ លោកក៏បានបង្ហាញការហួសចិត្តមិនគួរណាពលករខ្មែរ តែប៉ុន្មាននាក់សោះ នាំគ្នាបំផ្លាញប្រយោជន៍ដល់ពលករខ្មែររាប់ម៉ឺននាក់ ដែលពួកគាត់មិនបានដឹងអ្វីទាល់តែសោះ។ ជាពិសេសបានបង្កការខាតបង់ប្រយោជន៍ និងបំផ្លាញប្រទេសជាតិជាខ្លាំងចំពោះថ្នាក់ដឹកនាំកូរ៉េ និងកម្ពុជា។
គួរឱ្យដឹងថា សម្រាប់កូរ៉េខាងត្បូង គឺមានពលករខ្មែរ ៥ម៉ឺននាក់ កំពុងបំពេញការងារលើវិស័យជាច្រើន ដោយបានបញ្ជូនថវិកាចូលក្នុងស្រុករាប់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ។
ត្រង់ចំណុចនេះ ដើម្បីបង្កលក្ខណៈងាយស្រួលជូនពលករខ្មែរ, រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន (Passport) ឬពន្យារលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណែតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរ មកកម្ពុជាដូចមុនទៀតនោះទេ៕