(ភ្នំពេញ)៖ លោក កែវ ភារម្យ អតីតតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាសាក្សីជុំវិញរឿងសមាជិកសភាបក្សប្រឆាំងចូលរួមកិច្ចប្រជុំ សភា CLV កន្លងទៅនោះ នៅពេលនេះបានបញ្ជាក់ឲ្យដឹងថា ការពិត អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានដឹង និងយល់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទាំងអស់គ្នាតែងពីដំបូងម្ល៉េះ ហើយពេលនោះ ពួកគេមិនមានប្រតិកម្មអ្វីនោះឡើយ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កៅ ភារម្យ ចូលរួមសន្និសីទសារព័ត៌មាន បកស្រាយអំពីការចូលរួមប្រជុំ ស្តីអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) របស់តំណាងរាស្ត្របក្សប្រឆាំង នាពេលកន្លងទៅ។ សន្និសីទនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
លោក កៅ ភារម្យ បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ពីចំណុចសំខាន់ ដែលប៉ុន្មានថ្ងៃនេះ មានការប្រទូសប្រទះគ្នាខ្លាំង ហើយសម្ដេចនាយករដ្ឋមន្ត្រី បានចោទសួរថា តើគណបក្សសង្គ្រោះជាតិ ដឹកនាំរឿងហ្នឹង ឬក៏អត់ [...] សួរថា យើងដឹងរឿងហ្នឹងទេ យើងដឹងច្បាស់ណាស់ ថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹងទាំងអស់គ្នា មិនមែនមិនដឹងទេ ប៉ុន្តែរឿងដែលសំខាន់ គឺគណបក្សសង្គ្រោះជាតិ អត់មានគោលនយោបាយអី ដើម្បីជជែកវែកញែក ក្នុងបញ្ហានេះទេ»។
អតីតតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ បានបន្ថែមទៀតថា ថ្នាក់ដឹកនាំបក្សប្រឆាំង ដែលនៅក្នុងគណៈកម្មការ បានដឹងឮហើយបានចូលរួមប្រជុំទាំងអស់គ្នា ប៉ុន្តែមិនដែលមានប្រទូសសារាយ ឬក៏មានយោបល់អីប្លែកនោះទេ។ លោកថា «ឲ្យខ្ញុំទៅមានយោបល់ថាអត់ដឹង វាមិនត្រឹមត្រូវទេ ! ហើយពួកយើងបានជជែកគ្នា នៅក្នុងគណៈកម្មការ និងមានសំបុត្រស្នាមច្បាស់លាស់, មានលិខិត រដ្ឋបាលច្បាស់លាស់ទាំងអស់គ្នា»។
បន្ថែមពីនោះទៀត លោកក៏សូមជម្រាបទៅមតិសាធារណជនទាំងអស់ ដែលថា ការដែលនិយាយថា អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនបានដឹងអំពីរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម គឺជារឿងមិនពិត អ្វីដែលជាការពិត ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានដឹងអំពីរឿងនេះទាំងអស់គ្នាតែម្តង។
លោក កៅ ភារម្យ បានលើកឡើងថា អតីតគណបក្សសង្គ្រោះជាតិ ដែលពេលនោះ មានសំឡេងភាគតិចនៅក្នុងរដ្ឋសភា មិនដែលបានលើកយកប្រធានបទជំទាស់កិច្ចព្រមព្រៀងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម មកពិភាក្សានោះឡើយ ព្រោះពួកគេបានទទួលស្គាល់ទាំងអស់គ្នា។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ ក្នុងក្របខណ្ឌ CLV ប្រទេសទាំងបីបានបើកកិច្ចប្រជុំជារៀងរាល់ឆ្នាំ មិនថាក្របខណ្ឌរាជរដ្ឋាភិបាល និងរដ្ឋសភានោះទេ។
តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា និងគោរពអធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញទៅមក គ្មានការកាត់ទឹកដីឱ្យប្រទេសណាមួយនោះឡើយ។
គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ ផងដែរ៕