(ភ្នំពេញ)៖ លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានថ្លែងថា ក្រុមប្រឆាំងបានបោកប្រាស់ប្រជាពលរដ្ឋ និងយុវជន ដោយភូតកុហកថា ខ្លួនមិនបានដឹងអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ខណៈដែលពួកគេក៏ជាសមាជិកក្រុមការងារនេះដែរ។
លោកបានថ្លែងបែបនេះ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសរដ្ឋសភាធ្វើសន្និសីទសារព័ត៌មាន បកស្រាយអំពីការចូលរួមប្រជុំ ស្តីអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ-កម្ពុជា-ឡាវ-វៀតណាម របស់តំណាងរាស្ត្របក្សប្រឆាំង នាពេលកន្លងទៅ។
លោក ឈាង វុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនៅតែគិតហើយគិតទៀតថា គាត់នៅតែលើកថា គាត់អត់ដឹងអីហ្នឹងគឺខុសធ្ងន់ណាស់។ បោកហើយបោកទៀត បោកមិនចេះស្កប់ ធ្ងន់ធ្ងរមែនទែន។ តើឲ្យយើងសង្ឃឹមអី? ប្រជាពលរដ្ឋខ្មែរ គ្មានសង្ឃឹមទេ... »។
ក្នុងឱកាសនោះ លោក ឈាង វុន បានបង្ហាញឯកសារមួយ ដែលជាសេចក្ដីសម្រេចរបស់រដ្ឋសភា ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភាកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ។ ក្នុងនោះ លោក ឡុង រី អតីតតំណាងរាស្ត្រមណ្ឌលក្រចេះមកពីគណបក្ស សម រង្ស៉ី ក៏ជាសមាជិកគណៈកម្មការនេះដែរ។
បើតាមលោក ឈាង វុន, សម្តីរបស់លោក ឡុង រី និងលោក អេង ឆៃអ៊ាង ថាមិនបានដឹងពីគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម តាមរយៈវិទ្យុបម្រើបរទេសមួយ គឺជាការបោកប្រាស់។ លោកថែមទាំងស្តីបន្ទោសទៅលោក ឡុង រី ដែរថា ក្នុងនាមជាអតីតតំណាងរាស្ត្រមណ្ឌលក្រចេះ តែមិនដឹងថា ខេត្តនេះស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ស្មើនឹងអតីតតំណាងរាស្ត្ររូបនេះមិនដែលចុះទៅធ្វើការនៅមណ្ឌលរបស់ខ្លួន ដែលមិនសមជាអ្នកតំណាងរាស្ត្រទាល់តែសោះ។
លោក ឈាង វុន បានបញ្ជាក់ទៀតថា «ខ្ញុំឮវិទ្យុបម្រើបរទេសមួយ គាត់ចាក់សម្ភាសរបស់ លោក ឡុង រី ក៏ដូចជារបស់លោក អេង ឆៃអ៊ាង។ ខ្ញុំភ្ញាក់តែម្តង ខ្ញុំថា យីដល់ម្ល៉ឹង! អ្នកនយោបាយគណបក្សប្រឆាំង អីក៏អន់ម្ល៉េះ? ពួកគាត់និយាយអត់ការណ៍ពិត ហើយធ្វើហើយមិនហ៊ានទទួលខុសត្រូវ។ ខ្ញុំបានប្រាប់ថា គណបក្ស សម រង្ស៉ី នៅឆ្នាំ២០១០ ក៏ជាសមាជិកក្រុមការងាររបស់ CLV ដែរ CLV សភា ហើយគាត់សមាជិកគណៈកម្មការ មានឯកសារត្រឹមត្រូវ»។
ថ្លែងបណ្តើរលើកឯកសារបណ្តើរ លោក ឈាង វុន បានបន្តថា «ឯកឧត្តម ឡុង រី គាត់នៅលេខ១៤ មកពីគណបក្ស សម រង្ស៉ី អាណត្តិទី៤ មានគណបក្សប្រជាជនកម្ពុជា ជាប់ ៩០កៅអី គណបក្ស សម រង្សី ទទួលបាន ២៦កៅអី គណបក្សសិទ្ធិមនុស្ស ទទួលបាន៣កៅអី គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន២កៅអី និងគណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន ២កៅអី។ សមាជិកសភា សុទ្ធតែបែងចែកទៅតាមគណៈកម្មការនីមួយៗ ហើយកុំនិយាយថា គាត់អត់ដឹង។ ឮសូរគេផ្សាយថា ឡុង រី ថាអត់ដឹងផង។ គេធ្វើ CLV ប៉ុណ្ណាណី ក្នុងខេត្តក្រចេះ ហើយបើគាត់ធ្វើតំណាងរាស្ត្រ ក្នុងខេត្តក្រចេះ គាត់អត់ដឹងថាមាន CLV គាត់ចោលម្សៀត មែនទែន បានន័យថា គាត់មិនដែលទៅមណ្ឌលគាត់ផង។ គេដឹងមួយនគរ ហើយគាត់តំណាងរាស្ត្រ គាត់អត់ដឹង»។
សូមបញ្ជាក់ថា នៅឆ្នាំ២០០៨ ការបោះឆ្នោតអាណត្តិទី៤ រដ្ឋសភា មានគណបក្ស៥ បានទទួលអាសន: នៅក្នុងរដ្ឋសភាដែលក្នុងនោះ រួមមាន៖
* គណបក្ស ប្រជាជនកម្ពុជា ទទួលបានបាន ៩០កៅអី
* គណបក្ស សម រង្សី ទទួលបាន ២៦កៅអី
* គណបក្ស សិទ្ធមនុស្ស ទទួលបាន ៣កៅអី
* គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន ២កៅអី
* គណបក្ស ហ្វុនស៊ីនប៉ិច ទទួលបាន ២កៅអី។
នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម បានបង្កើតរៀងខ្លួននូវគណ:កម្មការសភា ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ ក្នុងដែនប្រទេសរៀងៗខ្លួន។
គណបក្ស សម រង្សី និងគណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ឬសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយគណ: កម្មការនេះក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។
សេចក្ដីសម្រេចរបស់រដ្ឋសភា ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភាកម្ពុជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ បានបញ្ជាក់ថា លោក ឡុង រី មកពីតំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្ស សម រង្សី (ពេលនោះ) ជាសមាជិកមានលេខរៀង១៤ ក្នុងបញ្ជីគណ:កម្មការ៕