(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិនិងអន្តរជាតិ ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ នគរបាលកម្ពុជាទទួលបានមេដាយមាស នគរបាលថៃទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើនគរបាលម៉ាឡេស៊ី។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត និងលោកស្រី តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្ថិតក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងនោះដែរសមាសភាពកីឡាករយុវជនជានគរបាលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចំនួន៥ មានដូចជា៖ នគរបាលកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត, នគរបាលសិង្ហបុរី, នគរបាលម៉ាឡេស៊ី, នគរបាលថៃ និងនគរបាលវៀតណាម ដែលចូលរួមក្នុងក្របខណ្ឌនៃការប្រកួតអន្តរជាតិ។
លើសពីនេះ អគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មានចំនួនក្លឹបចូលរួមចំនួន១៣ និងក្លឹបមកពីក្រសួងរាជធានី-ខេត្ត ចំនួន១២បានចូលរួមផងដែរ សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មានចំនួន២៩០រូប ដោយប្រកួតលើវិញ្ញាសាធំ៤ ពោលគឺ ការប្រកួតថ្នាក់ជាតិសម្រាប់ក្លឹប ចំណុះក្រសួងរាជធានី-ខេត្ត, ការប្រកួតថ្នាក់ជាតិ សម្រាប់ក្លឹបចំណុះអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ, ការប្រកួតគូកិត្តិយស ក្រសួងមហាផ្ទៃ និងការប្រកួតថ្នាក់អន្តរជាតិ (កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាម) ។
ជាលទ្ធផល ក្រោយប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ ការប្រកួតថ្នាក់អន្តរជាតិ នគរបាលកម្ពុជា ជាម្ចាស់ផ្ទះកម្ពុជា ទទួលបានមេដាយមាស, នគរបាលថៃ ទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើនគរបាលម៉ាឡេស៊ី។
ចំពោះវិញ្ញាសាការប្រកួតថ្នាក់ជាតិ សម្រាប់ក្លឹបចំណុះអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ លេខ១បានទៅលើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយឈ្នះមេដាយមាស ១គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង, លេខ២ បានទៅលើក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយឈ្នះមេដាយប្រាក់ ១គ្រឿង និងលេខ៣ បានទៅលើខុទ្ទកាល័យលោកអភិសន្តិបណ្ឌិត ដោយឈ្នះមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿង។
ដោយឡែក ការប្រកួតថ្នាក់ជាតិសម្រាប់ក្លឹបចំណុះក្រសួងរាជធានី-ខេត្ត គឺក្រសួងមហាផ្ទៃ ឈរនៅលេខ១ ដោយទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ១គ្រឿង, លេខ២ បានទៅលើក្លឹបយុវជននគរបាលជាតិ ដោយទទួលបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង, លេខ៣ បានទៅក្លឹបសមាគមចិន BING ZUE ទទួលបានមេដាយមាស ១គ្រឿង និងលេខ៤ បានទៅលើក្លឹបវាយសីខ្លាចាស់ ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងលេខ៤ស្ទួន បានទៅលើក្លឹបវាយសីយុវជនខេត្តកណ្ដាល៕