(ភ្នំពេញ)៖ កញ្ញា ឡាច ធីណា ជាបុគ្គលិកផ្នែកគណនេយ្យនៃសមាគមន៍សម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ដែលហៅកាត់ថា KCLA ចេញមុខសារភាពកំហុស និងសូមការអភ័យទោសពីសម្ដេចតេជោ និងសម្ដេចធិបតី ដែលបានចូលរួមផែនការបង្ករអសន្តិសុខសង្គម និងផែនការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ នេះបើតាមវីដេអូដែលសារភាពកំហុស និងសូមទោសរបស់កញ្ញា ឡាច ធីណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
កញ្ញា ឡាច ធីណា បានលើកឡើងថា៖ «ខ្ញុំសូមធ្វើការសារភាពកំហុសខុសឆ្គង ដែលបានប្រព្រឹត្តនាពេលកន្លងមក គឺការបង្ករអសន្តិសុខសង្គម ជាពិសេសគឺផែនការចូលរួមនៅក្នុងការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ CLV របស់រាជរដ្ឋាភិបាលកម្ពុជា។ នាងខ្ញុំពិតជាមានការសោកសា្ដយយ៉ាងខ្លាំង ក្រោយពីដឹងខ្លួនថា ត្រូវបានចាញ់បោកក្រុមប្រឆាំងក្រៅប្រទេស ប្រើប្រាស់ជាឈ្នាន់ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល និងសូមគោរពស្នើសូមដល់សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មេត្តាសណ្ដោសប្រណៃ និងលើកលែងទោសដល់រូបនាងខ្ញុំផង។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមអំពាវនាវដល់បុគ្គលិក សមាជិកសមាគមន៍សម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ និងបងប្អូនជនរួមជាតិទាំងអស់ សូមឈប់ចាញ់បោកឧបាយកល របស់ក្រុមប្រឆាំងក្រៅប្រទេស ជាពិសេសបុគ្គលឈ្មោះ មាន លីសា ដែលកំពុងអូសទាញយុវជនទាំងប្រុសស្រី ឱ្យដើរតាមខ្លួនដើម្បីសម្រេចគោលបំណងរបស់ អាឡិច ក្នុងចេតនាផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
ជាចុងក្រោយនាងខ្ញុំសូមធ្វើការគាំទ្រកិច្ចសហប្រតិបត្តិការ CLV របស់រដ្ឋាភិបាលខ្មែរ ដើម្បីរួមចំណែករក្សា ការពារសន្តិភាព និងអភិវឌ្ឍន៍សង្គមជាតិ ឱ្យសំបូររុងរឿងបន្តទៅមុខទៀត»៕