(ភ្នំពេញ)៖ ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក សាហារូឌីន ប៊ីន អុន (H.E. Mr. Shaharuddin Bin Onn ) បានអញ្ជើញចូលជួបសំដែងការគួរសម និងធ្វើសាវនាការជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។
នៅក្នុងជំនួបសាវនាការនេះដែរ ភាគីទាំងពីរ បានគូសបញ្ជាក់ពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដើម្បីផ្សព្វផ្សាយព័ត៌មានពីគ្នា ទៅវិញទៅមក អោយប្រជាជន និងប្រជាជនបានដឹងទៅវិញទៅមកកាន់តែច្រើនឡើងបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរាជទូតម៉ាឡេស៊ី បានធ្វើការចែករំលែកគំនិតគ្នាទៅលើការកិច្ចការងារប្រឆាំងព័ត៌មានក្លែងក្លាយដែលជាបញ្ហាមួយកំពុងបង្កើតជាបញ្ហាសម្រាប់បណ្តាប្រទេសនីមួយៗតាមរយៈការប្រើប្រាស់ Facebook TikTok ដែលបង្កឲ្យមានការយល់ច្រឡំ និងបង្កើតឲ្យមានបញ្ហាក្នុងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងនូវយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែធ្វើនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អញ្ជើញសមភាគី មានរដ្ឋមន្ត្រីព័ត៌មានបណ្តាប្រទេសផ្សេងៗទៀតចូលរួម នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ហើយរួមគ្នាផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋអោយយល់អំពីព័ត៌មានក្លែងក្លាយ៕