(ភ្នំពេញ)៖ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានឱ្យដឹងថា បើទោះបីជា ឥណទានមិនដំណើរការ ឬឥណទានដែលអតិថិជនបង់សងយឺតលើសពី៣០ថ្ងៃ បានកើនឡើងដល់កម្រិតជាង៩% គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ប៉ុន្តែមិនបានប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុនោះទេ ដោយវិស័យនេះនៅតែបន្តមានស្ថេរភាព។
យោងតាមរបាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ឥណទានមិនដំណើរការបានកើនដល់កម្រិតប្រមាណ៩% ខណៈនៅត្រីមាសទី១ នៃឆ្នាំនេះ ឥណទានមិនដំណើរការស្ថិតក្នុងកម្រិត ៦.៩២%។
លោក កាំង តុងងី បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា កាកើនឡើងនៃឥណទានមិនដំណើរការនេះ គឺដោយសារបញ្ហាសេដ្ឋកិច្ចដែលបានអូសបន្លាយចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ១៩ ការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា និងចំណូលរបស់ប្រជាពលរដ្ឋ។
តែយ៉ាងនេះក្តីលោកលើកឡើងថា បើធៀបនឹងបណ្តាប្រទេសជិតខាង និងនៅអន្តរជាតិ កម្រិត៩%នេះ នៅទាបជាបណ្តាប្រទេសទាំងនោះទេ ពោលគឺវិស័យនេះ នៅតែមានស្ថេរភាព។ បើទោះបីជាប្រាក់ចំណេញវិស័យហិរញ្ញវត្ថុធ្លាក់ចុះក៏ពិតមែន ប៉ុន្តែចំណូលមិនបានធ្លាក់ចុះនោះទេ ដោយសារកំណើនឥណទានថយចុះ តែប្រាក់បញ្ញើកើនឡើង។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «តែយ៉ាងណាយើងនៅតែឃើញថាវិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថេរភាពល្អ និងមានភាពរឹងមាំ បើទោះបីជាឥណទានមិនដំណើរការកើនឡើងក៏ដោយ។ ប៉ុន្តែយ៉ាងណាមិញ បើសង្កេតទៅមើលប្រាក់ បញ្ញើដែលបានដាក់ គឺមានការកើនឡើង។ អ៊ីចឹងវានៅតែបង្ហាញពីស្ថេរភាពទេ ពីព្រោះមានការកើនឡើងនៃប្រាក់បញ្ញើ ហើយតម្រូវការឥណទានមានការថយចុះ ដែលបង្ហាញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានដើមទុនច្រើនជាងមុន ក្នុងការបង្វិលជូនអតិថិជន ក៏ដូចជាការបម្រើសេវាជូនអតិថិជនផងដែរ»។
លោកបន្ថែមថា «សម្រាប់ពីពេលនេះដល់ចុងឆ្នាំ២០២៤ យើងមិនគិតថាវិស័យនេះមានអីដែលប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ យើងរំពឹងថាប្រាក់បញ្ញើ អាចនឹងមានការកើនឡើងតិចតួច តម្រូវការឥណទានអាចមានការថយចុះតិចតួច ខណៈដែលឥណទានដែលអតិថិជនបង់សងត្រឡប់ក៏អាចថាប្រហែលមានក្នុងកម្រិតដូចបច្ចុប្បន្ន ឬក៏ប្រែប្រួលតិចតួចទេ។ តម្រូវការឥណទាន និងកំណើនវិស័យវាពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច ហេតុនេះបើសិនជាសេដ្ឋកិច្ចយើងមានកំណើនល្អ ទាំងកម្រិតម៉ាក្រូ និងមីក្រូនោះតម្រូវការឥណទាន ឬក៏ការបង់សងត្រឡប់របស់អតិថិនជន នឹងមានស្ថានភាពល្អប្រសើរឡើងវិញ»។
យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មកទល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជា ប្រមាណ១លាន ៥សែន នាក់កំពុងជាប់បំណុលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំប្រាក់ ប្រមាណ៥.១ពាន់លានដុល្លារ។ ក្នុងចំណោមនោះ អ្នកដែលជាប់បំណុលក្រោម៣ពាន់ដុល្លារ មានប្រមាណ ៧៣%, ចាប់ពី ៣ពាន់ដុល្លារដល់ ១ម៉ឺនដុល្លារមាន ១៨% និងចាប់ពី១ម៉ឺនដុល្លារ ដល់ ៥ម៉ឺនដុល្លារមានប្រមាណ៨%។ កម្ចីទាំងនោះបានផ្តល់សម្រាប់កសិកម្មមានប្រមាណ២២% , កម្ចីសម្រាប់គ្រួសារមាន ៣១.២% , សំណង់ ៦.៩%, សេវាកម្ម ១១.៤% , ពាណិជ្ជកម្ម និងជំនួញ ២០.២% និងវិស័យផ្សេងៗទៀត។
ចំណែកការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ចំនួនអតិថិជន ដែលបានដាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានប្រមាណជាង១.៩៩លាននាក់ ដែលបានដាក់ប្រាក់បញ្ញើ ជាង២.២១ពាន់លានដុល្លារ បើធៀបទៅនឹងត្រីមាសទី១នៃឆ្នាំនេះ មានការកើនឡើងប្រមាណ១%៕