(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧-១៨-១៩ ខែសីហា ឆ្នាំ២០២៤ ដោយគោរពអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់​នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការនគរបាលជាតិទិសភូមិភាគទី៣ ទី៤ និងទី៥, លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងពង្រឹងការយកចិត្តទុកដាក់អនុវត្តកិច្ចការងារជំនាញនានា នៅតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក​លេខ៨០៧ លេខ៩១១ លេខ៨៩១ លេខ៨១៥ លេខ៨១៧ លេខ៨១៩ លេខ៨២១ លេខ៨២៣ និងលេខ៣១០ នៅតាមបន្ទាត់ព្រំដែន​កម្ពុជា-ថៃ ចំណុះទិសភូមិភាគទី ៥ ខេ​ត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន។​

លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត​ បានដឹកនាំកិច្ចប្រជុំជាមួយស្នងការរងទទួលផែន មេបញ្ជាការវរៈ មេបញ្ជាការរងវរៈ នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងកម្លាំងទទួលផែនទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តនិមួយៗ។​

លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត បានក្រើនរំលឹក និងណែនាំពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់តាមព្រំដែន ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសឆ្លងដែននានា រួមមាន៖

*ការរត់ពន្ធជួញដូរមនុស្សខុសច្បាប់
*ការឆ្លងដែនខុសច្បាប់
*ភេវរកម្មឆ្លងដែន
*ការជួញដូរគ្រឿងញៀន
*ការជួញដូរអាវុធ
*ការកាប់បំផ្លាញព្រៃឈើ ជាដើម។​

កម្លាំងទាំងអស់ត្រូវ​កសាងថែទាំ​ជំរុំជំរក ថែទាំសុខភាព​ឱយបានល្អ បង្កើនការដាំដុះចិញ្ចឹមសត្វ ថែទាំសម្ភារឧបករណ៍មធ្យោបាយប្រើប្រាស់ សំអាតថែទាំអាវុធយុទ្ធភ័ណ្ឌដែលបានបំពាក់។​ ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត​ ក៏បានផ្តល់មតិណែនាំ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនផងដែរ។

ទន្ទឹមនោះដែរ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត និងក្រុមការងារ ​ក៏បានឈៀងចូលទៅពិនិត្យស្ថានភាពទូទៅជាក់ស្តែងនៃការឆ្លងដែនចេញ-ចូល របស់ពលករ​កម្ពុជា នៅតាមច្រកព្រំដែនបឹងត្រកួន ច្រកព្រំដែនជប់គគី ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារអន្តរជាតិដូង នៃខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ៕