(ប៉េកាំង)៖ “បច្ចុប្បន្ននេះ នៅតែគ្មានប្រទេសណាមួយអាចជំនួសប្រទេសចិនបានឡើយ ដូច្នេះ ចិននៅតែជារោងចក្រពិភពលោកដដែល។” ពេលថ្មីៗចុងក្រោយនេះ លោក Michael Spence ម្ចាស់ពានរង្វាន់ណូបែល ខាងសេដ្ឋសាស្ត្របានថ្លែងដូចពោលខាងលើ នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ នៅឆមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចចិនបានទប់នឹងកម្លាំងសម្ពាធ បន្តនិន្នាការស្តារឡើងវិញទៅរកភាពល្អប្រសើរ ហើយការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់បានបោះជំហានថ្មី។

ពេលថ្មីៗចុងក្រោយនេះ អគ្គនាយកដ្ឋានគយចិន បានប្រកាសទិន្នន័យឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំទឹកប្រាក់សរុប នៃការនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានតម្លៃ២៤,៨៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ការនាំចេញមានតម្លៃ១៤,២៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦,៧ភាគរយ ការនាំចូលមានតម្លៃ១០,៥៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៤ភាគរយ។ នៅខែកក្កដាឆ្នាំនេះ ការនាំចេញនាំចូលនៃពាណិជ្ជកម្មជាមួយ បរទេសរបស់ចិនមានតម្លៃ៣,៦៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន។ ទិន្នន័យមួយចំនួននេះបានបង្ហាញថា ចាប់ពីចូលឆ្នាំនេះមក សេដ្ឋកិច្ចរបស់ចិនបានដំណើរការយ៉ាងនឹងនរជាទូទៅ ហើយពាណិជ្ជកម្មជាមួយបរទេសបានរក្សានិន្នាការអភិវឌ្ឍន៍ យ៉ាងល្អប្រសើរនិងនឹងនរ។

កំណើនដោយល្បឿនមធ្យមនិងខ្ពស់ និងការលើកកម្ពស់គុណភាពជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចរបស់ចិនបានបំពេញបន្ថែម កម្លាំងចលករយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ចពិភពលោក ដែលមានភាពថមថយចុះក្នុងរយៈពេលជាយូរ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិន ប្រហែលត្រូវជា១៨ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អត្រារួមចំណែកជាមធ្យមក្នុងមួយឆ្នាំៗ របស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក បានលើសពី៣០ភាគរយ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាល របស់ចិនមានសមាមាត្រប្រហែល៣០ភាគរយនៃពិភពលោកទាំងមូល ដែលកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោក ក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយ លើពិភពលោកអស់ ជាច្រើនឆ្នាំកន្លងទៅនេះ។ ដោយសារសេដ្ឋកិច្ចចិនកើនឡើងដោយនឹងនរ បាននាំឱ្យល្បឿនកំណើនសេដ្ឋកិច្ចសកល ស្តារឡើងវិញទៅដល់ប្រហែល៣ភាគរយ ពោលគឺពាណិជ្ជកម្មនិងការវិនិយោគរក្សាកំណើនវិជ្ជមាន។

ក្រៅពីនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចរបស់ចិនបានកែលម្អសភាពការណ៍បច្ចុប្បន្ន និងនិម្មាបនកម្មនៃសេដ្ឋកិច្ចសកល។ ឧស្សាហកម្មដូចជាឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ សេដ្ឋកិច្ចឌីជីថល និងភាពវៃឆ្លាតសិប្បនិម្មិតជាដើម បានក្លាយជាវិស័យប្រកួតប្រជែងដែលទទួល ការអភិវឌ្ឍឆាប់រហ័សបំផុតនៅប្រទេសចិន និម្មាបនកម្មអភិវឌ្ឍន៍នេះបានជះឥទ្ធិពល និងកែប្រែមុខមាត់សេដ្ឋកិច្ចពិភពលោកយ៉ាងស៊ីជម្រៅ តាមរយៈការនាំចេញនាំចូល ការវិនិយោគនៅបរទេស និងខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិជាដើម ដែលបន្ថែមសុខសុភមង្គល របស់ប្រជាជននៃប្រទេសនានា។

ការវិនិយោគនៅបរទេសក្នុងវិស័យឧស្សាហកម្ម ដូចជារថយន្តថាមពលថ្មី និងឧស្សាហកម្មថាមពលប្រព័ន្ធ PV ជាដើមរបស់ចិន បានដឹកនាំការផុលផុសឡើងនៃឧស្សាហកម្មងើបឡើងថ្មី និងការផ្លាស់ប្តូរនៃឧស្សាហកម្មប្រពៃណី របស់ប្រទេសពាក់ព័ន្ធ ដែលបានពន្លឿនយ៉ាងខ្លាំងនូវដំណើរ កាត់បន្ថយការបញ្ចេញកាបូនទូទាំងពិភពលោក ។ ទំនាក់ទំនងខាងខ្សែសង្វាក់ឧស្សាហកម្ម ដែលកាន់តែមានភាពល្អពេញលេញរវាងចិននិងប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានជំរុញយ៉ាងខ្លាំងនូវស្ថិរភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់។

ពេលថ្មីៗចុងក្រោយនេះ លោក Tao Kuangchun ប្រធានក្រុមហ៊ុន KPMG ប្រចាំប្រទេសចិននិងតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ឧត្តមភាពចម្រុះរបស់ចិនដូចជាទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញនិងបរិយាកាសអាជីវកម្ម ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ជាដើម មានកម្លាំងទាក់ទាញដ៏ខ្លាំងក្លាជាប់រហូតមក។ លោក Tao Kuangchun បានថ្លែងថា ទីផ្សារចិនបានក្លាយជាទីផ្សារធំៗ ដែលពិភពលោករួមចំណែកជាមួយគ្នា ចិននឹងបន្តបញ្ចេញតម្រូវការ យ៉ាងខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន នគរូបនីយកម្មបែបថ្មីនិងការលើកកម្ពស់ លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធប្រើប្រាស់ជាដើម។

កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានលើកឡើងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាភារកិច្ចចម្បងក្នុងកិច្ចកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់បំផុត លើទូទាំងពិភពលោក លក្ខណៈពិសេសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន មុខជានឹងជះឥទ្ធិពលដ៏សំខាន់ ចំពោះសេដ្ឋកិច្ចសកលជាមិនខាន។ ព្រមពេលជាមួយគ្នានេះ ចិនបានចាត់ទុក “ការអភិវឌ្ឍរបស់ចិនជំរុញការអភិវឌ្ឍពិភពលោក និងផ្តល់កាលានុវត្តភាពចិនដល់ទូទាំងពិភពលោក” ជាទស្សនៈមូលដ្ឋានសម្រាប់ ធ្វើអន្តរកម្មជាមួយពិភពលោក។ នេះក៏បានសម្រេចថែមមួយកម្រិតទៀតថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន មុខជានឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅ ចំពោះសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន។

ក្នុងដំណាក់កាលជាគន្លឹះដែលកំណើនសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយក្នុងរយៈពេលជាយូរ វិវាទខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលកាន់តែខ្លាំងក្លា និងការប៉ះទង្គិចបានកើតមានជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់សេដ្ឋកិច្ចចិនបានផ្តល់ក្តីសង្ឃឹម ដល់កំណើនសេដ្ឋកិច្ចពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន