(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ, នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីមូលដ្ឋាន បន្តចុះត្រួតពិនិត្យបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង។
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ស្ថានភាពទូទៅនៅថ្ងៃនេះ មានភាពល្អប្រសើរ ដោយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្តនៅមាត់ទន្លេ និងខាងមុខព្រះបរមរាជវាំង ដោយក្តីសប្បាយរីករាយ។ ជាមួយគ្នានេះ ដោយនៅថ្ងៃនេះ ជាថ្ងៃសិល៍ ក៏មានបងប្អូនប្រជាពលរដ្ឋ បានមកអុជធូបនៅព្រះអង្គដងកើ ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ពួកគេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បក្ខពួកក្រុមជ្រុលនិយមជាង១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេប៉ុនប៉ងប្រមូលផ្ដុំគ្នាធ្វើកុបកម្មដោយខុសច្បាប់នៅមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រៅពីឃាត់ខ្លួនមនុស្សសមត្ថកិច្ចជំនាញក៏ដកហូតបានស្លាកប៉ាដា ដែលមានសរសេរអក្សរបង្ហាញអំពីផែនការនៃការធ្វើកុបកម្មផងដែរ។ ក្រោយចាប់ខ្លួនសមត្ថកិច្ចជំនាញ បានបញ្ជូនទៅធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ក្រៅពីឃាត់ខ្លួនក្រុមដែលប៉ុនប៉ងប្រមូលផ្ដុំគ្នានៅគោលដៅដែលពួកគេកំណត់ នៅមុខព្រះបរមរាជវាំងហើយនោះ សមត្ថកិច្ចមូលដ្ឋានខេត្តមួយចំនួន ក៏បានឃាត់ខ្លួនបក្ខពួកក្រុមញុះញង់ផ្សេងទៀតផងដែរ ដើម្បីឈានទៅកាត់ផ្ដាច់ចរន្ដក្រុមជ្រុលនិយមទាំងអស់នេះ។
ទោះបីជាមិនមានបាតុភាពណាមួយបានកើតឡើង ដូចអ្វីដែលក្រុមឧទ្ទាមបានខិតខំញុះញង់ បំផុសបំផុលក៏ដោយ ក៏កម្លាំងចម្រុះបានត្រៀមខ្លួនជានិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពវិទ្ធង្សនាទាំងឡាយ ដែលមានចេតនាពិសពុល ក្នុងការបង្កឲ្យមានចលាចល រំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានបំផ្លាញទាំងស្រុង ខណៈមនុស្ស៣១នាក់ ក្នុងនោះស្រី២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ នេះបើតាម ឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News៕