(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
លោក ឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៍ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿននាសម័យតេជោសែន។
លោកអភិបាលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV. DTA)។
លោកបន្ថែមថា ក្នុងនោះរដ្ឋបាលរាជធានី បាននិងកំពុងយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធលូ,ការកសាងផ្លូវថ្នលជាដើម។
ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនេះ លោកសន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា បានយល់ស្រប និងគាំទ្រពេញទំហឹង ពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាង២លាននាក់ មានជីវភាពកាន់តែល្អប្រសើរក្នុងសន្តិភាព និងឈានទៅសំរេច បានជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ក្រើនរំលឹកក្នុងការពង្រឹងយន្ត ការអនុវត្តន៏គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព,ការទប់ស្កាត់ក្មេងទំនើងបញ្ហាគ្រឿងញៀន, ការគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់យកវិធានការអប់រំ ជា ជាងការរងចាំតែការផាកពិន័យ។ បន្តយកចិត្តទុកដាក់តាមដានចំពោះក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិ តាមការញ៉ុះញ៉ុងរបស់អ្នកនយោបាយនៅក្រៅស្រុក។ ទោះបីគោលបំណងធ្វើបាតុកម្មមិនបានសម្រេច កាលពីថ្ងៃទី១៨ សីហា ក្តី តែពួកគេនៅតែចិញ្ចឹមចិត្តបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ៕