(ព្រៃវែង)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន និងបេក្ខជនក្រុមប្រឹក្សាគណបក្សឆន្ទៈខ្មែចំនួន ២៩រូប នៅខេត្តព្រៃវែង បានចាកចេញពីបក្សរបស់ខ្លួន និងសុំចូលរួមជាមួយបក្សប្រជាជនកម្ពុជា។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានប្រកាសគាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ពួកគាត់មើលឃើញថា កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចសហប្រតិបត្តិការណ៍មួយដ៏ល្អសម្រាប់ការអភិវឌ្ឍជាតិ ហើយគ្មានការគំរាមកំហែងសម្រាប់បូរណភាពទឹក ឬអធិបតេយ្យជាតិនោះឡើយ។

អតីតក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋាន ក៏បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គមតាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិផងដែរ។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការ​អនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស​រួម​រស់ជា​មួយគណបក្សប្រជាជនកម្ពុជា បន្ត​សកម្ម​ភាពនយោបាយទៅមុខបន្តទៀត។

ពេលនេះពួកគេ បានមើលឃើញច្បាស់​ដោយ​ឥតសង្ស័យថា គណ​បក្ស​ប្រជាជន​កម្ពុជា គឺជាបក្សនយោ​បាយតែមួយគត់ ដែលមានគុណ​បំណាច់ដ៏ធំធេង​សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ជាមេដឹកនាំ​ដ៏ខ្លាំង​ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពី​របប​ប្រល័យ​ពូជ​សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះ​សម្តេចតេជោ បានប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម​ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល​នយោបាយ​ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ​ឆ្ពោះ​ទៅរកភាព​រុងរឿង។ ជាពិសេសបក្ស​ប្រជា​ជន​កម្ពុជា ជាបង្អែក និងជាទីទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ ក្នុងការធានា​រក្សាបាន​សុខ​សន្តិ​ភាព និងស្ថេរភាពសង្គម​ដែលជាលក្ខខណ្ឌ​ដ៏ចាំ​បាច់សម្រាប់ធានានូវការរស់នៅ​ប្រកប​​ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជា​មួយ​​បក្ស​ប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស​មិន​ចាញ់​​បោក​ការ​អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគេ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង​ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ​បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕