(ឧត្តរមានជ័យ)៖ បេក្ខជននៃគណបក្សខ្មែរស្រលាញ់ជាតិ ចំនួន៩រូប នៅឃុំជើងទៀន ស្រុកចុងកាល ខេត្តឧត្តរមានជ័យ បានប្រកាសផ្តាច់ខ្លួនពីបក្សរបស់ខ្លួន និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោបានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
បេក្ខជន៩រូបនេះបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង ជាពិសេសបក្សប្រជាជនកម្ពុជាជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
បេក្ខជន៩រូបនេះបានប្រកាសបម្រើការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំងឡើយ។
ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕