(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម បានផ្តល់អំណោយមួយចំនួនធំជូនដល់គ្រួសារទើបសម្រាលកូនភ្លោះ៣ ដែលជាគ្រួសារទី៤១៧។
អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយនេះ ត្រូវបានលោក សេង ទៀង និងលោកស្រី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបី ដែលមានលំនៅដ្ឋានរស់នៅ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ទារិកាភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកដំបូង ក្នុងគ្រួសារមានឪពុកឈ្មោះ ហេង សីហា អាយុ ២៧ឆ្នាំ មុខរបរកូនកាំបិតចុងភៅ ម្តាយឈ្មោះ អន អាំ អាយុ ២២ឆ្នាំ មុខរបរអ្នករត់តុក្នុងភោជនីយដ្ឋាន។ ទារិកាភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគុន្ធបុប្ភា ខេត្តសៀមរាប។
នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោកនាយករងមានប្រសាសន៍ឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយះពេលជាង ២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន ៤១៧គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោកបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។
លោក សេង ទៀង បានណែនាំដល់មាតាបិតាកូនភ្លោះ ត្រូវបន្តតាមដានសុខភាពរបស់ទារកភ្លោះឱ្យបានដិតដល់ ប្រសិនមានអ្វីកើតឡើង សូមនាំកូនទៅកាន់មណ្ឌលសុខភាពដែលនៅជិត ជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ទារក។
តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឲ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលសម្រាលបានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់ទារិកាភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕