(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ហាក់បានទះកំផ្លៀង លោក សម រង្ស៉ី ដែលបាននិយាយវាយប្រហារមកលើគណបក្សកាន់អំណាច ដើម្បីតម្លើងកម្តៅនយោបាយឡើងវិញ នាគ្រាដែលស្ថានភាពនយោបាយនៅកម្ពុជា មានសភាពស្ងប់ស្ងាត់ហើយនោះនៅអំឡុងបុណ្យភ្ជុំបិណ្ឌនេះ។
លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់លោក នៅប៉ុន្មាននាទីមុននេះថា «ខ្ញុំ កឹម សុខា ក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ សារជាថ្មីម្តងទៀត ខ្ញុំ សូមបួងសួងឲ្យក្រុម គ្រួសារខ្មែរគ្រប់រូបបានជួបជុំគ្នាដោយសប្បាយរីករាយ និងក៌ សូមឲ្យគ្រួសារនយោបាយ ខ្មែរបានជួបជុំគ្នាដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋខ្មែរជាមួយគ្នាផងដែរ។ ក្នុងឱកាសនេះដែរដើម្បីរក្សាភាពស្ងប់ស្ងាត់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើបុណ្យទានជូនបុព្វការីជនផងនោះ ខ្ញុំសូមអំពាវនាវជា ថ្មីម្តងទៀត ជាពិសេសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ សូមចៀសវាង ការប្រើអំពើហិង្សា ឬពាក្យអសុរស ឬពាក្យវាយប្រហារ គ្នាដែលនាំឲ្យប៊ះពាល់ដល់បរិយាកាស នៃពិធីបុណ្យប្រពៃណីជាតិនេះ និងប៊ះពាល់់ដល់បរិយាកាសនយោបាយយូរអង្វែង ទៅមុខទៀតផង»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្តើមប្រើសម្តីបាញ់ប្រហារមកលើ គណបក្សកាន់អំណាចជាថ្មីទៀតហើយ ដោយមិនព្រមបង្អង់ពេលនៅរដូវភ្ជុំបណ្ឌិឡើយ ទោះបីជាការឆ្លើយឆ្លងនយោយបាយ បានស្ងប់ស្ងាត់មួយរយៈទៅហើយក្តី។
លោក សម រង្ស៊ី ប្រាប់ទៅកាន់យុវជនរបស់ខ្លួន មកពីខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ តាមវីដេអូ Skype ថា មេដឹកនាំបច្ចុប្បន្នដែលកាន់អំណាចរាប់សិបឆ្នាំ ធ្វើឱ្យមានអំពើពុករលួយ។ មិនតែប៉ុណ្ណោះ លោកក៏បានចោទអ្នកដឹកនាំប្រទេស ក្នុងជួរគណបក្សកាន់អំណាច ទិញសញ្ញាបត្រក្លែងក្លាយផងដែរ។
លោក សម រង្ស៊ី បានថ្លែងលើកឡើងយ៉ាងដូច្នេះថា «ទម្លាប់នៅស្រុកខ្មែរ គឺអ្នកដែលមានតំណែងកាន់តំណែងនោះមួយជីវិត ពីព្រោះឱ្យតែមានខ្សែមានបក្ខពួក នៅក្នុងជួរគណបក្សកាន់អំណាច គឺនៅក្រាញអំណាច តំណែងខ្លះដល់អាយុ៦០-៧០ហើយ នៅតែចង់កាន់តំណែងហ្នឹង ចូលម្ឈូសទៀតក៏មិនដឹងដែរ វាមិនត្រូវទេ....សញ្ញាបត្រក្លែងក្លាយ ដូចមេដឹកនាំយើងមួយចំនួន ទៅទិញសញ្ញាបត្រក្លែងក្លាយ យកមកអួតយកមកបន្លំវាមិនត្រឹមត្រូវ ត្រូវតែឱ្យអ្នកដែលមាន សញ្ញាបត្រពិតប្រាកដ»។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ នៅក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ, សម្តេចបានលើកឡើងអំពីពាក់ព័ន្ធបញ្ហានយោបាយនៅកម្ពុជា ដោយសម្តេចតេជោ បានលើកឡើងថា សភាពការណ៍កំពុងសភាពស្ងប់ស្ងាត់ ហើយរំពឹងថាមានភាពស្ងប់ស្ងាត់បែបនេះ។ សម្តេចតេជោថា ការស្ងប់ស្ងាត់បែបនេះមាន ភាពល្អប្រសើរ ហើយក៏រង់ចាំមើលផងដែរថា ក្នុងរដូវបុណ្យភ្ជុំនេះ «នរណាបាញ់នរណាមុន»៕