(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានថ្លែងសារអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។

សម្តេចធិបតី បានថ្លែងសារតាមរយៈបណ្តាញសង្គមថា៖ «សូមអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា»

សម្តេចបានបន្តថា៖ «រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន​ និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ»។

សូមជម្រាបថា សាររបស់សម្តេចធិបតី បានធ្វើឡើងបន្ទាប់ពីកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ និងចាត់វិធានការបន្ទាន់ ដើម្បីកុំឲ្យក្រុមប្រឆាំងជ្រុលនិយមមួយចំនួន រៀបចំកុបកម្មខុសច្បាប់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ តាមគម្រោងពួកគេបាន។

បើតាមឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានបំផ្លាញ ខណៈមនុស្ស ៣១នាក់ ត្រូវបានឃាត់ខ្លួន៕